អភិបាលខេត្តព្រះសីហនុ ស្នើអោយប្រតិភូវិនិយោគិនចិន ជួយសហការបន្តអភិវឌ្ឍន៍ខេត្ត និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ
ភ្នំពេញ៖ ថ្លែងក្នុងជំនូបជាមួយសហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន នៅព្រឹក ថ្ងៃទី៣០ មិថុនាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំណូមពរឲ្យគណៈប្រតិភូ វិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ ធ្វើយ៉ាងណា ជួយសហការបន្តអភិវឌ្ឍន៍ ខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងខេត្តឡើងវិញ។
លោក គួច ចំរើន បានបង្ហើបពីគម្រោងសាងសង់ ផ្លូវមួយខ្សែចាប់ពីព្រលានយន្តហោះ កងកេង ទៅដល់ក្នុង ក្រុង ព្រះសីហនុ ដើម្បីរំដោះនិងសម្រួលការកកស្ទះ ចរាចរ ដោយសារផ្លូវជាតិលេខ៤ រងការខូចខាតមិនអាចដំណើរការ បានស្រួលដូចមុន។
ជាការឆ្លើយតប គណៈប្រតិភូបានទទួលយកសំណូមពរ លោកអភិបាលខេត្ត និងសន្យាជួយពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យកាន់តែប្រសើរឡើងវិញផងដែរ។ គណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ ប្ដេជ្ញាជួយរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីសាងសង់ផ្លូវ មួយខ្សែនេះផងដែរ។
នៅក្នុងជំនួបនោះគណៈប្រតិភូ វិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ បាននាំយកថវិកាមួយចំនួនជូន អភិបាលខេត្តដើម្បីបន្ត ដោះស្រាយ បញ្ហាករណីបាក់រលំអគារកណ្ដាលក្រុង ព្រះសីហនុ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់២៨នាក់ និងរបួស ២៦នាក់ កាលពីថ្ងៃទី២២មិថុនាកន្លងទៅ៕
អត្ថបទ៖ សុខ លាភ