គុនខ្មែរ ឯម ឡេងលី នឹង ឈាន ហុង បះថៃ នៅសង្វៀនបាយ័នស្ទឹងមានជ័យ
អ្នកប្រដាល់កម្ពុជាពីររូបត្រូវផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នាយប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងលើសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ។
ឯម ឡេងលី ជូបអ្នកប្រដាល់ថៃចំណូលថ្មី តូម តាម ពុំធ្លាប់ដែលមកប្រកួតនៅកម្ពុជានោះទេកន្លងមក។ បើតាមអ្នកគ្រប់គ្រងនិងដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ គេមានសមត្ថភាពខ្លាំងគួរសមដែរ។
ឯម ឡេងលី ជាជើងខ្លាំង វាយឈ្នះថៃសឹងតែគ្រប់ថៃដែលមកជួបទៅហើយ។ ចាំមើល លើកនេះតើឯមឡេងលី អាចយកឈ្នះតូម តាម វ៉.ម៉ាសរិសេស បានទៀតឬអត់លើកនេះ ?។ ឡេងលីឥឡូវ គេមានតិចនិកប្រកួតខ្ពស់ និងខ្លាំងជាងមុន។
ទោះជាយ៉ាងណា ឯម ឡេងលី មិនអាចធ្វេសប្រហែសឬមើលងាយតូម តាម វ៉.ម៉ាសរិសេស បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនខ្សោយជាងអ្នកមកមុនៗនោះទេ នេះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹង។ ហើយយ៉ាងណា តូម តាម វ៉.ម៉ាសរិសេស ក៏មិនប្រាកដថា អាចឈ្នះ ឯម ឡេងលី នោះដែរ ព្រោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជារូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃច្រើនរូបហើយ។
ចំណែង ឈាន ហុង នឹងត្រូវជួបប្រកួតសាកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃឈ្មោះផេត ណាមង៉ាម។ឈាន ហុង បះ ផេត ណាមង៉ាម ប្រហែលជាអាចជួបការលំបាកហើយ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងនៅប្រទេសថៃ។ អ្នកប្រដាល់ថៃនេះ មិនធ្លាប់មកស្រុកខ្មែរទេ។
ទោះជាយ៉ាងណា ឈាន ហុង គេបានអះអាងថា គ្មានបញ្ហាអ្វីឡើយ តែឡើងសង្វៀនហើយគឺវាយទាំងអស់ អោយតែទម្ងន់ស្មើគ្នាគ្មានបញ្ហាអ្វីឡើយ។ ឈានហុង មានប្រវត្តិប្រកួតចំនួន៩១លើក ក្នុងនោះឈ្នះ៧៣លើក ចាញ់១៥លើក និងស្មើ០៣លើក។
ឈាន ហុង គេធ្លាប់ជួបអ្នកប្រដាល់ថៃច្រើននាក់មកហើយ។ ដូច្នេះសម្រាប់ការជួបប្រកួតជាមួយផេត ណាមង៉ាម នេះ ប្រហែលជាមិនមានបញ្ហាអ្វីចោទសម្រាប់រូបគេនោះទេ។ តែយ៉ាងណា អ្នកលេងកែងឈាន ហុង អាចនឹងជួបការលំបាកដែរ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ មិនដំឡូងមូលដូចអ្នកប្រដាល់មុនៗ ដែលគេធ្លាប់ជួបប្រកួតជាមួយកន្លងមកនោះឡើយ។
ក្រៅពីគូអន្តរជាតិជាមួយថៃនេះ កីឡាការិនីកម្ពុជាបូរី ស្រីភ័ណ្ឌ ក្លិបបូរីគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយកីឡាការិនីឆេក ឈ្មោះកាម៉ីឡា (Kameila) ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម៕