ប្រទេសក្នុងអឺរ៉ុបកំពុងទទួលរង រលកកម្តៅក្ដៅខ្លាំងដែលមិនធ្លាប់មាន

សីតុណ្ហភាពនៅប្រទេសបារាំងបានកើនឡើងលើសពី ៤៥អង្សាសេ កាលពីថ្ងៃសុក្រ ខណៈពេលដែលរលកកម្ដៅក្តៅខ្លាំងបានវាយប្រហារចេញពីវាលខ្សាច់សាហារ៉ានៅអាហ្វ្រិកខាងជើង។ ប្រទេសបារាំង អេស្ប៉ាញ អ៊ីតាលី និងផ្នែកខ្លះនៃទ្វីបអឺរ៉ុបកណ្ដាល កំពុងទទួលរងនូវសីតុណ្ហភាពក្ដៅបំផុតជាកំណត់ត្រាដែលមិនធ្លាប់មាន ហើយក្រុមមន្ត្រីក៏បានស្នើឱ្យប្រជាជនយកចិត្តទុកដាក់ការពារខ្លួនឱ្យបានខ្ពស់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីតាលីបានឱ្យដឹងថា នៅក្នុងទីក្រុង Milan មានបុរសវ័យ ៧២ឆ្នាំ ម្នាក់ត្រូវបានស្លាប់ ដោយសាររលកកម្ដៅនេះ។ ចំណែកក្នុងប្រទេសអេស្ប៉ាញវិញ មានបុរស ២នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅក្ដៅខ្លាំងនេះ។ ក្នុងប្រទេសអេស្ប៉ាញដដែលនេះ ក៏មានភ្លើងឆេះព្រៃមួយបានឆេះព្រៃអស់ប្រមាណ ៦,០០០ហិកតា នៅឯតំបន់ Catalonia ភាគខាងជើងរបស់ប្រទេសផងដែរ។

អាជ្ញាធរអាកាសធាតុបារាំងបាននិយាយថា នៅភាគខាងត្បូងនៃនាយកដ្ឋានបារាំង Gard សីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៥.៩អង្សាសេ កាលពីថ្ងៃសុក្រ។ ដែលវាបានបំបែកឯតទគ្គកម្មសម្រាប់សីតុណ្ហភាពខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ ចុងក្រោយរបស់បារាំង។ ទីក្រុងប៉ារីសក៏រងសម្ពាធពីរលកកម្ដៅដែរ ដោយសីតុណ្ហភាពនៅទីនោះកាលពីថ្ងៃសុក្រ បានកើនឡើងខ្ពស់រហូតដល់ ៣៤អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពមធ្យមជាប្រវត្តិសាស្ត្រសម្រាប់ ខែមិថុនា រហូតដល់ ១០អង្សាសេ៕

កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ NHK

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds