លោកត្រាំ៖ ក្រុមហ៊ុន Huawei នឹងអាចរកស៊ីជាមួយក្រុមហ៊ុនអាមេរិកដូចដើមវិញ

(អូសាកា)៖ តាមការចេញផ្សាយពី​សារព័ត៌មានអាមេរិក Bloomberg នាល្ងាចថ្ងៃសៅរ៍ ទី២៩​ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថានៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាត​ឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ដែលនេះមានន័យថា Huawei នឹងអាចត្រូវដកពីបញ្ជីខ្មៅនៃបម្រាមពាណិជ្ជកម្មក្នុងពេលឆាប់ៗ។

លោក ត្រាំ បានថ្លែងច្បាស់ៗនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូសាកាយ៉ាងដូច្នេះថា «ខ្ញុំបាននិយាយហើយ វាគឺគ្មានបញ្ហាទេ! វាធ្វើឲ្យយើងអាចបន្តលក់ផលិតផលរបស់យើង… ពួកគេគឺជាក្រុមហ៊ុនរបស់អាមេរិក ដែលបានផលិតផលិតផលទាំងនេះ (បរិក្ខាបំពាក់ឲ្យ Huawei)។ វាពិតជាស្មុគស្មាញណាស់ចំពោះរឿងនេះ។ ខ្ញុំយល់ព្រមអនុញ្ញាតឲ្យពួកគេបន្តលក់ផលិតផលនោះ នោះទើបក្រុមហ៊ុនអាមេរិកអាចបន្តដំណើរទៅមុខទៀតបាន…»។

កាលពីដើមសប្តាហ៍នេះ កាសែតអាមេរិក Wall Street Journal ក៏បានចេញផ្សាយផងដែរថា ប្រទេសចិននឹងយក Huawei ដាក់លើតុ ដើម្បីទាមទារឲ្យអាមេរិកដកទណ្ឌកម្ម ឬក៏អាចបង្កើត​លក្ខណៈពិសេសដើម្បីអាចឲ្យ Huawei បន្តការរកស៊ីជាមួយក្រុមហ៊ុនអាមេរិកនានាឡើងវិញ។ តួយ៉ាងក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំទ្វេភាគីរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាពវិជ្ជមានជាច្រើនបានកើតឡើងដូចជា​ អាមេរិកបានសន្យាមិនដំឡើងពន្ធលើចិនទៀត និងបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ជាពិសេសគឺបញ្ហា Huawei នេះតែម្តង។

គួរបញ្ជាក់ថា ការសម្រេចរបស់លោក ដូណាល់ ត្រាំ ថានឹងដកការរឹតត្បិតលើក្រុមហ៊ុនចិន Huawei ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមហ៊ុនធំៗដូចជា Google Qualcomm Intel និង Xilinx ជាដើមបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឲ្យដកការរឹតត្បិតចំពោះ Huawei ព្រោះពួកគេក៏នឹងទទួលការខាតបង់ផងដែរពីសង្គ្រាមនេះ។ យោងតាមតួលេខកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានចំណាយរហូតដល់ ១១ពាន់លានដុល្លារ ក្នុងការទិញបន្ទះឈីប (Chip) ពីក្រុមហ៊ុនយក្សអាមេរិកចំនួនបីប៉ុណ្ណោះគឺ Intel Qualcomm និង Micron៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ Bloomberg

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds