ហុងកុង ជាប់ជាទីក្រុង ដែលមានតម្លៃអចលនទ្រព្យថ្លៃជាងគេ ៥ឆ្នាំជាប់គ្នា
យោងតាមរបាយការណ៍ Global Living ប្រចាំឆ្នាំលើកទី៥ របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE ដែលបានធ្វើការវិភាគទីផ្សារអចលនទ្រព្យនៅទូទាំងទីក្រុងចំនួន ៣៥ បានបង្ហាញថា តំបន់អាស៊ីបានគ្របដណ្ដប់លើបញ្ជីអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ។ ដោយទីក្រុងហុងកុង បានរក្សាតំណែងរបស់ខ្លួនជាទីក្រុងដែលមានតម្លៃអចលនទ្រព្យថ្លៃបំផុតសម្រាប់ឆ្នាំទី៥ ពោលគឺ ៥ឆ្នាំជាប់ៗគ្នា ខណៈដែលសិង្ហបុរីឈរនៅលេខរៀងទី២ ហើយសៀងហៃជាប់ចំណាត់ថ្នាក់ទី៣។
បើតាមរបាយការណ៍នេះបានឲ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅហុងកុងក្នុងឆ្នាំ ២០១៩ កើនដល់ ១.២ លានដុល្លារ ដោយសារតែតម្រូវការខ្ពស់ និងការផ្គត់ផ្គង់តិចបានធ្វើឱ្យតម្លៃអចលនទ្រព្យមិនអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលហេតុទាំងនេះហើយ ដែលហុងកុង គ្រោងនឹងសាងសង់កោះសិប្បនិម្មិតដែលចំណាយដើមទុនចំនួន ៨០ ពាន់លានដុល្លារដើម្បីជួយដោះស្រាយវិបត្តិនេះ។ បន្ថែមពីនេះទៅទៀតទីក្រុងដែលមានតំលៃអចលនទ្រព្យទាបបំផុតនោះគឺ ទីក្រុងអ៊ីស្តង់ប៊ុល ហូជីមិញ និងទីក្រុងបាងកក៕
កែសម្រួល៖ ស៊ាងម៉ី