Breaking News: លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋលេខាធិការ្រសួងការពារជាតិតាមការស្នើសុំរបស់សម្តេចតេជោ
លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅថ្ងៃនេះ។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង លោក យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងតម្លើងឋានន្តរស័ក្កិពីឧត្តមសេនីយ៍ឯក(ផ្ដាយ៣) ទៅនាយឧត្តមសេនីយ៍(ផ្ដាយ៤)។
ការតែងតាំងនេះ ធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់លោក យន្ត មីន បានសុំលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ ក្រោយពីមានសោកនាដកម្មបាក់អគារកម្ពស់៧ជាន់ដែលបណ្ដាលឲ្យកម្មករ២៨នាក់បាត់ជីវិត និង២៦នាក់រងរបួស។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានហៅការចុះចេញពីតំណែងរបស់អតីតអភិបាលខេត្តជាប់មាត់សមុទ្រមួយនេះថា បង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរនៅចំពោះមុខប្រជាពលរដ្ឋ៕