ពលរដ្ឋរស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ចោទអជ្ញាធរថាបានរុះរើផ្ទះរបស់គាត់ដោយគ្មានមូលហេតុ ( មានវីដេអូ)
បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចោទអជ្ញាធរមូលដ្ឋានថាបានរុះរើផ្ទះរបស់គាត់ដោយគ្មានមូលហេតុ ហើយគ្មានដីកាពីតុលាការ។
អ្នកប្រើប្រាស់ហ្វេសបុកម្នាក់ឈ្មោះ Chan Dy បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៦ ខែមិថុនានេះថា នេះហើយជាមន្ត្រីគ្រាប់ល្ពៅ ចុះរុះរើផ្ទះរបស់ខ្ញុំនៅភូមិចំការឬស្សី តាមតែចិត្តគ្មានច្បាប់ទម្លាប់ ធ្វើកិរិយាដូចចោរ។ ទង្វើនេះមន្ត្រីល្អៗគេមិនដែលធ្វើទាល់តែសោះ។
ម្ចាស់ហ្វេសបុកដដែលបន្តថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សុំសួរទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ថា តើទង្វើបែបនេះជាមន្ត្រីបំរើប្រជាពលរដ្ឋ ឬក៏ជាមន្ត្រីសុីប្រាក់ខែរាស្រ្តហើយប្លន់ដីប្រជាពលរដ្ឋកណ្ដាលក្រុងបាត់ដំបង?។
ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃនេះម្ចាស់ហ្វេសបុកដដែល បានធ្វើការបកស្រាយបន្ថែមថា ដីនេះគាត់បានទិញតាំងពីឆ្នាំ២០១៥ ដោយមានការទទួលស្គាល់ពីមេភូមិ ហើយដីនេះមានប្លងទន់ផងដែរ។ គាត់បានចោទជាសំនួរថា បើដីលក់មិនបានហេតុអ្វីជាមេភូមិទទួសស្គាល់ ។
ជំវិញការចោទប្រកាន់នេះ អង្គភាព Fast News មិនអាចទាក់ទងចៅសង្កាត់ព្រែកព្រះស្តេច ដើម្បីឆ្លើយតបបានទេនៅរសៀលនេះ៕