និស្សិតស្រីគិតខ្លី បើកម៉ូតូមកលោតទឹកទន្លេនៅស្ពានជ្រោយចង្វារ

(ភ្នំពេញ)៖ និស្សិតស្រីម្នាក់មិនដឹងមានបញ្ហាអ្វី បានបើកម៉ូតូតែម្នាក់ឯងមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូហើយលោតទៅក្នុងទឹកទន្លេ លិចបាត់ ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះ រកសាកសពមិនទាន់ឃើញនៅឡើយទេ។

នារីរងគ្រោះឈ្មោះ វេន ឡៃ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គ ស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ស្រុកកំណើតនៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J.0508 តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ត្រើយខាងកើត) ក្នុងទិសដៅពីកើតមកលិច ។ ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏ទុកម៉ូតូចោល ហើយលោតទៅក្នុងទឹកទន្លេលិចបាត់ តែម្ដង ។

រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះ ក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើដំណើរ រួមទាំងនិស្សិតដែលត្រូវជាមិត្តភក្តិជនរងគ្រោះបាននាំគ្នាទន្ទឹងកំពុងរង់ចាំទទួលសពជនរងគ្រោះ ដែលក្រុមទូកអ៊ិស្លាមកំពុងតែរាវរក ។

សូមបញ្ជាក់ថា មុនពេលដែលនិស្សិតស្រីរូបនេះមកលោតទឹកលើស្ពានសម្លាប់ខ្លួននោះ គឺជនរងគ្រោះបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅវេលាម៉ោង៧និង៣៣នាទីយប់ថា «លាឈ្មោះនិស្សិត» ។ ហើយទាក់ទិននឹងមូលហេតុដែលនិស្សិតរូបនេះមកលោតទឹកលើស្ពានសម្លាប់ខ្លួននោះ ត្រូវបានឪពុកម្តាយ ក៏ដូចជាមិត្តភក្តិជនរងគ្រោះពុំមាននរណាម្នាក់ដឹងពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែពួកគាត់អះអាងថា និស្សិតរូបនេះពុំដែលមានរឿងអ្វី ឬមានទំនាក់ទំនងស្នេហាដែលធ្វើឱ្យនាងគិតខ្លីនោះទេ ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ KBN.news

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds