លោក អ៊ុំ សំអាន ថាការដក និងការតែងតាំងលោក ញឹម វណ្ណដា គឺជារឿងអត់ប្រយោជន៍
(ភ្នំពេញ)៖បន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី អតីមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងលោក អ៊ុំ សំអាន បានអោយដឹងថា ការតែងតាំងនេះគ្មានប្រយោជន៍អ្វីនោះទេ ។
លោក អ៊ុំ សំអាន ថ្លែងប្រាប់សារព័ត៌មាន Fast News តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី២៦ ខែមិថុនា នេះថា ខ្ញុំយល់ឃើញថា លោកហ៊ុន សែន ទើបដកលោកពីទេសរដ្ឋមន្ត្រី ហើយតែតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី ដដែលហ្នឹង ដូចនេះវាអត់មានន័យអី អត់មានប្រយោជន៍អី ដែលដកតំណែងទើបបានពីរ បីថ្ងៃ មកតែងតាំងតំណែងថ្មីមួយដែលឋានៈស្មើតំណែងចាស់ដដែល។
លោកថា ប្រជាពលរដ្ឋយល់ថា គ្រាន់ជាការឡប់ឡែធ្វើអោយពលរដ្ឋស្ងប់ចិត្តបន្តិច ចឹងអត់ប្រយោជន៍ ដកតំណែងហើយតែងតាំងដដែលអត់មានប្រយោជន៍ដដែល ។ យើងមើលទៅលោក យន្ត មីន ក៏ចឹងដែរការដកតំណែងនេះដើម្បីធ្វើអោយពលរដ្ឋស្ងប់ចិត្ត មិនយូទេមួយខែ ឬពីរខែលោក យន្ត មីន អាចតែតាំងតំណែងស្មើនេះ ឬធំជានោះក៏ថាបាន ។
គួរបញ្ជាក់ផងដែរថា ការផ្ដល់តួនាទីថ្មី ជូនលោក ញឹម វណ្ណដា ខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៕
អត្ថបទ៖ សុខ លាភ