កូនគ្រុនឈាមឪពុកមកដេកកំដរ បែរជាដេកស្លាប់ក្បែរគ្រែកូនទៅវិញ
(កំពង់ចាម)៖ ប្តីប្រពន្ធ១គូ បាននាំកូនដែលមានជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានដេកកំដរជំងឺកូនអស់ជាច្រើនថ្ងៃ តែអកុសល គ្រាន់តែកូនបានធូរស្បើយពីជំងឺត្រៀមត្រឡប់ទៅផ្ទះវិញ តែអកុសល ស្រាប់តែបុរសជាឪពុកដេកស្លាប់រឹងស្តូកក្បែរគ្រែកូនយ៉ាងអាណោចអាធ័មវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់។
ជនរងគ្រោះដែលស្លាប់ពេលមកដេកកំដរជំងឺកូន មានឈ្មោះនិត អាយុ៣៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះឈីន ណាត ភេទស្រី អាយុ៤៨ឆ្នាំ និងមានលំនៅក្នុងភូមិបិទធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្រពន្ធ បានជូនកូនមកមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺគ្រុនឈាម ហើយពេលនោះ គ្រូពេទ្យតម្រូវឲ្យដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនថ្ងៃ។ លុះមកដល់វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃកូនត្រូវចេញពីមន្ទីរពេទ្យ ស្រាប់តែជនរងគ្រោះដេកនៅលើឥដ្ឋក្បែរគ្រែកូន មិនព្រមក្រោកសោះ ទើបប្រពន្ធបានចូលទៅដាស់ ទើបដឹងថា ប្តីបានស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញមន្ទីរពេទ្យ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
លោកវរសេនីយ៍ត្រី ពៅ លឹមស៊ាង អធិការរងទទួលការងារផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ករណីមនុស្សដេកស្លាប់ក្នុងមន្ទីរពេទ្យ លោកបានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រូតពិនិត្យសព ។ ជាលទ្ធផលពិនិត្យនៅលើផ្នែកក្បាល ផ្នែកក ដងខ្លួន និងអវយវៈ គឺពុំមានស្លាកស្នាមរបួសអ្វីសង្ស័យជាករណីឃាតកម្មឡើយ គឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស៊ាងម៉ី