អាមេរិកបន្តដាក់បញ្ចូលក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ
(ក្រុងវ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃសុក្របានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា ៥ របស់ប្រទេស ចិន ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដែលជាវិធានការថ្មីមួយទៀតប្រឆាំងនឹងឧស្សាហកម្មកុំព្យូទ័រល្បឿនលឿនរបស់ទីក្រុងប៉េកាំង។
វិធានការនេះបានសំដៅទៅ Sugon ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រល្បឿនលឿនឈានមុខគេរបស់ប្រទេស ចិន រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតឈីបខ្នាតតូចៗចំនួន ៣ និងវិទ្យាស្ថានកុំព្យូទ័រមួយដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជនចិន។
ក្រុមហ៊ុនទាំងអស់នេះនឹងត្រូវរារាំងដោយមិនឲ្យទទួលបច្ចេកវិទ្យារបស់អាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកកំណត់ថា ពួកគេកំពុង «អនុវត្តផ្ទុយទៅនឹងសន្ដិសុខជាតិ ឬផលប្រយោជន៍នយោបាយការបរទេសរបស់អាមេរិក»។
កាលពីខែឧសភា ក្រសួងពាណិជ្ជកម្មអាមេរិក បានបន្ថែម Huaweiទៅក្នុង «បញ្ជីឈ្មោះ» នៃក្រុមហ៊ុនដែលត្រូវហាមឃាត់មិនឲ្យទទួលគ្រឿងផ្គុំផលិតនៅអាមេរិក ដោយមិនមានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោន ទោះបីជាក្រុមហ៊ុននេះទទួលបានការពន្យារពេលចំនួន ៩០ ថ្ងៃក៏ដោយ។
ទីក្រុងប៉េកាំង ក៏បានឆ្លើយតបនឹងការគំរាមកំហែងនេះថា នឹងបញ្ចេញបញ្ជីខ្មៅរបស់ខ្លួននៃក្រុមហ៊ុនបរទេស «ដែលមិនអាចទុកចិត្តបាន» និងបុគ្គលដែលបង្ហាញគោលបំណងក្នុងការបង្ខិតបង្ខំក្រុមហ៊ុនបរទេសក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយ Huawei។
លោក ត្រាំ និងលោក ស៊ី នឹងជួបគ្នានៅក្រៅជំនួបកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ក្នុងប្រទេស ជប៉ុន នាសប្ដាហ៍ក្រោយ៕
ដកស្រង់៖ ស៊ាងម៉ី