លោក ពេជ្រ ស្រស់ ថា ការចាកចេញរបស់ ឯកឧត្តម យន្ត មីន គឺជាគំរូថ្មីមួយដល់មេដឹកនាំផ្សេងទៀតឲ្យមានការទទួលខុសត្រូវ
ភ្នំពេញ៖ ខណៈពេលដែលរឿងការស្នើសុំរបស់់អភិបាលខេតុ្តព្រះសីហនុកំពុងក្លាយជាប្រធានបទក្តៅ ប្រធានគណបក្សយុវជនកម្ពុជា បានហៅការលាលែងនេះគឺជាគំរូល្អដល់មេដឹកនាំដទៃទៀត។
សរសេរក្នុងទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ លោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជាបានអោយដឹងថាការចាកចេញរបស់ ឯកឧត្តម យន្ត មីន គឺជាគំរូថ្មីមួយដល់មេដឹកនាំផ្សេងទៀតឲ្យមានការទទួលខុសត្រូវ ចំពោះការដឹកនាំរបស់ខ្លួននៅពេលអសមត្ថភាព ក៏ប៉ុន្តែការចាកចេញរបស់ឯកឧត្តមយន្ត មីន នៅមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវដកប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ០១រូបទៀត និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលធ្វើឲ្យអគារ7ជាន់ស្រុតបាក់មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សូមរំលឹកថា កាលពីពេលថ្មីៗ ប្រធានបក្សយុវជនកម្ពុជា បានអោយដឹងថាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី នៅឯខេត្តព្រះសីហនុគឺត្រូវតែដកចេញ។ ហើយស្រាវជ្រាវរកបក្ខពួកដែលបានប្រព្រឹត្តអំពើពុករលួយជុំវិញការមិនអនុវត្តច្បាប់ឲ្យបានតឹងរឹងលើការដ្ឋានអាគារ៧ជាន់ដែលនាំឲ្យបាក់អាគារ ព្រមទាំងធ្វើឲ្យគ្រោះថ្នាក់ដល់កម្មករជាច្រើននាក់ផងដែរ៕
អត្ថបទ៖ សុខ លាភ