លោក អ៊ុំ សំអាន ៖ ចាំមើលលោក ហ៊ុន សែន ហ៊ានដកតំណែងលោក យន្ត មីន អត់ ?
បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ក្រសួងបានណែនាំលោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ កុំឲ្យបំពានអនុក្រិត្យ ប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន នៅតែបំពានរហូតដល់រលំអាគារកំពុងសាងសង់នោះ អតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងនៅកម្ពុជា លោកអ៊ុំ សំអាន បានលើកឡើងថា រដ្ឋាភិបាលត្រូវតែដកតំណែងលោក យន្ត មីន ។
សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះលោក អ៊ុំ សំអាន បានអោយដឹងថា បើចាំអោយគាត់លាលែងពីតំណែងដូចនៅប្រទេសជឿនលឿននោះ ចាំដល់សេះដុះស្នែងទៅ។ លោកថា រកឃើញមុខ អ្នកទទួលខុសត្រូវអោយក្រុមហ៊ុនចិនសាងសង់រួចហើយ ចាំមើលលោក ហ៊ុន សែន ហ៊ានដកតំណែងគាត់ឬអត់? ឬខ្សែលោក យន្ត មីន ធំសម្បើម? លោក ហ៊ុន សែន ហាក់ដូចចង់បង្វែរស្ថានការណ៏ ចង់អោយពលរដ្ឋស្ងប់អារម្មណ៏ មួយរយៈក៏ភ្លេចបាត់ រួចក៏មិនចាំបាច់ដកតំណែងលោក យន្ត មីន ដែរ។ រដ្ឋាភិបាលត្រូវតែផ្តន្ទាទោសអ្នកទទួលខុសត្រូវនិងអ្នកពាក់ពន្ធ័មួយចំនួនទៀត។
កាលពីពេលខែតុលា ឆ្នាំ២០១៨ កន្លងមកលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា មូលហេតុដែលការដ្ឋានសំណង់មួយចំនួន សាងសង់មុនទទួលបានលិខិតអនុញ្ញាត ដោយសារការស្នើសុំច្បាប់អនុញ្ញាតសាងសង់សំណង់ មានការយឺតយ៉ាវ ដូច្នេះហើយទើបរដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យមានការសាងសង់មុន ពីព្រោះក្នុងមួយខែៗ មានការស្នើសាងសង់សំណង់ច្រើន៕
អត្ថបទ៖ សុខ លាភ