លោក សម រង្ស៊ី ៖ ករណីដួលរលំអាគារ៧ជាន់ ប​ណ្តាលមកពីអំពើពុករលួយ និងខ្វះការទទួលខុសត្រូវរបស់មេដឹកនាំប្រទេស

ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងអគារ ៧ ជាន់ ដែលកំពុងតែសាងសង់ នៅក្រុងព្រះសីហនុ ហើយដែលទើបតែបាក់រលំ បណ្តាលឲ្យកម្មករសំណង់យ៉ាងតិច ១៩ នាក់ បាត់​បង់ជីវិត។ នេះជាសាររបស់លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែល​បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត១២យប់​ ថ្ងៃទី២៣មិថុនា។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអោយដឹងថា លោកអភិបាល​ក្រុងព្រះ​សី​ហនុ បានទទួលស្គាល់ថា អគារនេះ មិនមានលិខិតអនុញ្ញាតិឲ្យសាងសង់ទេ។ គ្រោះ​មហន្តរាយ​នេះ ប​ណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់​ដឹកនាំ​ប្រទេស​យើងសព្វថ្ងៃ។

លោកបន្ថែមថា នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញទាំងអស់គ្នា តែមិនដឹងថា តើ​មាន​អគារបែបនេះ ប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬក៏ត្រូវបានសាងសង់រួចហើយ ដោយ​មិនមានលិខិតអនុញ្ញាតិ ហើយដោយមិនបានទទួលការត្រួតពិនិត្យអ្វីឡើយ ចំពោះស្តង់​ដារ​បច្ចេក​ទេស និងសុវត្ថិភាព។

ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បន្ថែមថា នៅប្រទេសកម្ពុជាសព្វថ្ងៃ មនុស្សខិលខូច ចង់ធ្វើអ្វី​ក៏បានដែរ ឲ្យតែមានលុយ។ របបពុករលួយ ដឹកនាំដោយ ហ៊ុន សែន គឺជាគ្រោះថ្នាក់សាធារណៈ សម្រាប់​ប្រជាពលរដ្ឋខ្មែរទូទៅ។ ចាំទេ សោកនាដកម្មស្ពានកោះពេជ្រ កាលពីឆ្នាំ ២០១០ ដែលមាន​កម្មករ​ស្លាប់​រាប់​រយនាក់?។

គិតត្រឹមម៉ោង៦ ព្រឹក ថ្ងៃទី២៤មិថុនានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់២៣នាក់  និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅសួរនាំ ក្រោយរក​ឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds