បក្សនយោបាយនិងNGO ស្នើដកតំណែង អភិបាលខេត្តព្រះសីហនុ ក្រោយរលំអាគារ៧ជាន់ ធ្វើឲ្យមនុស្សស្លាប់១៩នាក់

ភ្នំពេញ៖ បន្ទាប់ពីមានករណីបាក់រលំអាគារចំនួន៧ជាន់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើលនៅទូទាំងប្រទេសនព្រោះបានធ្វើឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួន​ជាច្រើន​នាក់​ទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល គណបក្សនយោបាយ ស្នើឲ្យសមត្ថកិច្ចចាត់វិធានវែកមុខអ្នកបង្កហេតុ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ខណៈសម្តេច ស ខេង បានប្តេជ្ញានឹង​ស្វែងរកមូល​ហេតុនៃ​គ្រោះ​នេះ​ឲ្យ​ឃើញឆាប់ៗនេះ។

អតីតមេបក្សប្រឆាំងលោក កឹម សុខា បានបង្ហាញការសោកស្តាយចំពោះករណីនៅខេត្តព្រះសីហនុ ដែលបាក់រលំអាគារធ្វើឲ្យមានអ្នកស្លាប់១៨នាក់។ លោកក៏បានអំពាវនាវរកយុត្តិធម៌ដល់អ្នករងគ្រោះ ហើយផ្តន្ទាទោសអ្នកប្រព្រឹត្ត ជាពិសេសរកមូលហេតុនៃគ្រោះថ្នាកនេះផងដែរ។

លោកបានលើកឡើងក្នុងហ្វេសប៊ុកនៅថ្ងៃទី២៣ មិថុនា ថា “ខ្ញុំក៏សូមអំពាវនាវឲ្យមានការ​ផ្តល់​យុត្តិធម៌​ជូនជនរងគ្រោះដោយផ្តល់សំណងនិងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធាន​ការបង្ការទប់​ស្កាត់​កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត”។

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហុន បង្ហាញទំ​នួល​​ខុសត្រូវចំពោះបញ្ហាបាក់អាគារ៧ជាន់ ដែលមានមនុស្សស្លាប់រហូតទៅ១៧នាក់ ខណៈ រដ្ឋបាល​ខេត្តព្រះសីហនុ អះអាងថា អាគារដែលបាក់នេះ គ្មានច្បាប់សាងសង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថា “អ្វីដែលកើតមានឡើង ជាការ​ទទួលខុសត្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយយើងទាមទារឲ្យរដ្ឋបាលខេត្តនេះ ត្រូវ​បង្ហាញ​ទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ “។ ចំពោះការទទួលខុសត្រូវ និងគណនេយ្យភាព នេះ ទាមទារឲ្យ​មាន​ការដកតំណែង ឬការលាឈប់ពីតួនាទី របស់មន្ត្រីជាន់ខ្ពស់ក្នុងដែនរដ្ឋបាលខេត្តព្រះសីហនុ។

ចំណែកលោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបញ្ជាក់ក្នុង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​រ​សៀល​​ថ្ងៃទី២៣ ខែមិថុនា ថា “ការស្រុតបាក់អគារ៧ជាន់នៅឯខេត្តព្រះសីហនុ គឺត្រូវតែរកអ្នក​ទ​ទួល​ខុសត្រូវ ពិតប្រាកដ សូមកុំឲ្យដូចការស្លាប់ នៅកោះពេជ្រគ្មានអ្នកទទួលខុសត្រូវបើមិន​ដូច្នោះ​ទេវិញ្ញា​ណក្ខន្ធរបស់ពួកគាត់គឺមិនបានស្ងប់ឡើយ”។

សម្រាប់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើសម្តេច ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកតំណែងលោក យន្ត មីន ពីអភិបាលខេត្ត​ព្រះសីហនុ​ដែលធ្វេស​ប្រហែ​ល​បណ្តាលឲ្យមនុស្សស្លាប់ច្រើនយ៉ាងនេះ។ លោកលើកឡើងក្នុងហ្វេសប៊ុកថា “លោកមិនសមធ្វើជា​អភិ​បាល​ខេត្តទេ។ ខ្ញុំសូមស្នើសម្តេច​ក្រឡា​ហោម ស ខេង ដកអភិបាលខេត្តនេះចេញពីមុខតំណែង”។

ទាក់ទងទៅនឹងការស្នើសុំរបស់បក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថា នឹងចាត់វិធានការជាក់ស្ដែងចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅខេត្ដ​ព្រះ​សី​ហនុ ។

ចំពោះករណីដ៏កម្រនេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូល រួម រំលែក មរណៈ ទុក្ខ យ៉ាង ក្រៀមក្រំ បំផុត ជាមួយ ក្រុម គ្រួសារ នៃ សព ដែលជួបនៅ ឧបទ្ទវហេតុ បាក់អាគារ៧ជាន់ នៅក្រុងព្រះសីហុន។

គួរបញ្ជាក់ផងដែរថា នៅព្រលឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យ គ្រប់​ភាគីពាក់ព័ន្ធយក​ចិត្តទុកដាក់លើការរុករកអ្នកបាត់ខ្លួនក្នុងអគារបាក់រលំនៅខេត្តព្រះសីហនុជាមុនសិន កុំអាលគិតគូរដកតំណែងអាជ្ញាធរ សម្ដេចតេជោថ្លែងថា «សូមកុំទាន់និយាយ ដល់រឿងដកឬតែងតាំង តែត្រូវផ្តោតការយកចិត្តទុក ដាក់លើការរុករក និងសង្រ្គាះ ជាមុនសិន។ សុំការយោគ​យល់ពី​បងប្អូន​ជនរួ​មជាតិពីកន្លែងប្រជុំអាស៊ាននៅបាងកក ព្រះរាជាណាចក្រថៃ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds