ព្រឹត្តិការណ៍ប្រកួត កម្ពុជាសង្វៀនគុនខ្មែរ ចាប់ផ្តើមនៅសង្វៀនCBS រៀងរាល់ថ្ងៃព្រឹកថ្ងៃសៅរ៍
ស្ថានីយទូរទស្សន៍ CTN , MYTV , CNC បានសហការជាមួយក្រុមហ៊ុនស្រាបៀកម្ពុជា រៀបចំការប្រកួតប្រដាល់គុនខ្មែរមួយសង្វៀនទៀតរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង០៨និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹក រៀងរាល់សប្ដាហ៍ ដោយមានផ្សាយផ្ទាល់ផងដែរ។
ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កម្មវិធីប្រដាល់ដែលចាប់ផ្ដើមពីថ្ងៃទី២២ ខែមិថុនាខាងមុខទៅនេះ ដែលអោយឈ្មោះថា “កម្ពុជាសង្វៀនគុនខ្មែរ “ដែលជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ តាមរូបមន្តបែបម៉ារ៉ាតុង ដើម្បីដណ្ដើមខ្សែរក្រវ៉ាត់។
លោក ស៊ីថូ ណាថាន់ ដែលជាប្រធានកីឡា CBS បាននិយាយថា នេះជាសង្វៀនថ្មីមួយទៀតដែលCBS បានចាប់ដៃគូគ្នាជាមួយក្រុមហ៊ុនស្រាបៀកម្ពុជា និងបង្កើតឲ្យមានកម្មវិធីប្រកួតគុនខ្មែរនេះឡើង ដោយមានកីឡាករគុនខ្មែរកម្ពុជា៨រូប ត្រូវតតាំងជាមួយកីឡាករបរទេស៨រូប មុននឹងរើសយកអ្នកឈ្នះទៅប្រកួតដណ្ដើមខ្សែរក្រវ៉ាត នៅចុងកម្មវិធី។ “កម្ពុជាសង្វៀនគុនខ្មែរ ” នេះ គឺជាការរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ តាមរូបមន្តបែបម៉ារ៉ាតុង ដើម្បីដណ្ដើមពាន នឹងដណ្តើមខ្សែរក្រវ៉ាត់ ដែលមានទឹកប្រាក់សរុបជិត១ម៉ឺនដុល្លាសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់។
លោកវ៉ាន់ដាវីត ស៊ីធីគន្ធ តំណាងក្រុមហ៊ុនស្រាបៀកម្ពុជា និយាយថា ស្រាបៀកម្ពុជា រួមសហការជាមួយស្ថានីយទូរទស្សន៍ CBS ផលិតនូវកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ គឺក្នុងគោលបំណងតែមួយគត់គឺរួមចំ ណែកលើកស្ទួយវិស័យកីឡាប្រដាល់នៅកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងថែមទៀត។ ជាមួយ នេះ ក៏ដើម្បីជួយលើកកម្ពស់ជីវភាពកីឡាករប្រដាល់តាមរយៈការបាន ឡើងប្រកួត ហើយក៏រួមចំណែកជួយដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធផងដែរ។
លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអោយដឹងថា ការខិតខំរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា និងCBS ផ្ដួចផ្ដើមបង្កើតឲ្យមានព្រឹត្តិការណ៍ប្រដាល់នេះ តាមរយៈព្រឹត្តិការណ៍នេះ វាបានរួមចំណែកធ្វើឲ្យកម្ពុជារក្សា និងអភិរក្សក្បាច់គុនខ្មែរ ដែលជាសិល្បៈ មរតក វប្បធម៌ របស់បុព្វបុរស ដូនតា។ ជាមួយគ្នានេះដែរលោកបានសំណូមពរដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ត្រូវតែខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព ត្រូវមានភាពសុចរឹតក្នុងការងារ ព្រោះនេះជាជាការងារមួយដែលទាំងអស់គ្នា សុទ្ធតែបានទទូលផលប្រយោជន៍ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅស្ថានីយទូរទស្សន៍ CTN MYTV CNC មានកម្មវិធីប្រដាល់ចំនួន៤សង្វៀនហើយ៕
អត្ថបទ៖ សុខ លាភ