សាលាឧទ្ធរណ៍ សម្រេចមិនយកសំណើរបស់ អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី
សំណើរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី ទៅសាលាឧទ្ធរណ៍ ដើម្បីពិចារណា ត្រូវតុលាការមួយនេះសម្រេចមិនយកនោះទេ ដោយអ្នកទាំងពីរ សុំឲ្យសាលាឧទ្ធរណ៍ បញ្ចប់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ឲ្យពួកគេ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
មេធាវីរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លោក សំ ចំរើន បានប្រាប់អ្នកកាសែត ក្រោយចេញពីសវនាការថា លោក មិនអាចទទួលយកបាននោះទេ ដែលសាលាឧទ្ធរណ៍ មិនយកសំណើរបស់លោក ទៅពិចារណា។ លោក បញ្ជាក់ដូច្នេះថា «យើងខកចិត្ត ដែលបណ្តឹងយើងត្រូវបដិសេធ»។ ដោយសារនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ កូនក្តីរបស់លោកទាំងពីរ តែងទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចជារៀងរាល់ខែ។
លោកមេធាវី ថា សំណុំរឿងរបស់កូនក្តីលោក ត្រូវបានបិទបញ្ចប់ការស៊ើបសួរ និងត្រូវបានបញ្ជូនទៅជំនុំជម្រះហើយ។ ប៉ុន្តែ លោក អះអាងថា តុលាការ មិនទាន់កំណត់កាលបរិច្ឆេទនៃបើកសវនាការជំនុំជម្រះនោះទេ។
គួរំលឹកថា អតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការបង្កើតស្ទូឌីយូថតចម្រៀងដោយគ្មានការអនុញ្ញាត។ ក៏ប៉ុន្តែក្រោយមក អាជ្ញាធរបែរជាចោទអ្នកទាំង២ ពីបទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” ដែលជាបទឧក្រិដ្ឋចារកម្មទៅវិញ។ បទចោទនេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យពួកលោកមានទោសមែននោះ។
អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង ៩ខែ។ ក៏ប៉ុន្តែសេរីភាពដែលទទួលបាននេះ មានលក្ខណៈរឹតត្បិតនៅឡើយ ព្រោះតុលាការបានដាក់អ្នកទាំងពីរក្រោមការត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ហើយសម្ភារៈដែលត្រូវបានរឹបអូសជាវត្ថុតាងនោះ ក៏តុលាការមិនទាន់ប្រគល់ឱ្យអ្នកទាំងពីរវិញដែរ៕
អត្ថបទ៖ សុខ លាភ