លោក សម រង្ស៊ី បន្តអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបឈរ ដើម្បីកម្ចាត់របបក្បត់ជាតិ

 

ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល លោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ងើបឈរឡើង ដើម្បីកម្ចាត់របបក្បត់ជាតិ ដឹកនាំដោយត្រកូល ហ៊ុន សែន នេះជាការអំពាវនាវ​របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ។

តាមរយៈវីដេអូជាង១០នាទី លោក សម រង្ស៊ី បានបញ្ជាក់ថា«ខ្ញុំ សូមអំពាវនាវដល់​កងកម្លាំង​ប្រដាប់អាវុធ​សូម កុំស្ដាប់បញ្ជា ពីនាយករដ្ឋមន្ត្រីខុសច្បាប់ ហ៊ុន សែន ដែលជាចោរប្លន់អំណាចពីប្រជារាស្ត្រ។ សូម​កុំ​ការ​ពារ របបផ្តាច់ការ​ខុសច្បាប់​សព្វថ្ងៃ ដែលកើតចេញ មកពីការបោះឆ្នោតក្លែងក្លាយ ខែកក្កដា ឆ្នាំ ២០​១៨ កន្លងទៅនេះ ដែលសកលលោក ចាត់ទុកថាជាការបោះឆ្នោត​ក្លែងក្លាយ ដែលបាននាំមក នូវ​រដ្ឋស​ភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយ។

មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើ​ក​ឡើងថា ជនរួមជាតិណាក៏ដោយ ដែលមានកាំភ្លើងក្នុងដៃ ត្រូវរក្សាទុកកាំភ្លើងនេះ ដើម្បីការពា​រខ្លួន​ឯង ការពារប្រជារាស្ត្រ និងការពារទឹកដី។ កងក​ម្លាំងប្រដា​ប់អាវុធ កុំការ​ពារ​របបក្បត់ជាតិសព្វថ្ងៃ តែសូម​បែរមកការពារប្រជារាស្ត្រវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា រាល់បញ្ជាណា ដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើបាតុកម្ម​ដោយសន្តិវិធី គឺជាបញ្ជាខុសច្បាប់ និងអមនុស្សធម៌ ដែល​កង​កម្លាំងប្រដាប់អាវុធ មិនត្រូវធ្វើតាមដាច់ខាត។ សូមកងកម្លាំងប្រដាប់អាវុធ កុំឈរខាង​របបផ្តាច់​ការ​ក្បត់​ជាតិ សព្វថ្ងៃ តែសូមបែរមកឈរខាងប្រជារាស្ត្រ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយទាមទារ ឲ្យមានអ្នកដឹកនាំ​ថ្មី ដែលជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប្រកបដោយទសពិធរាជធម៌»៕

សូមរំលឹកដែរថា កាលពីថ្ងៃទី២៥ ខែមករា ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពត លោក ហ៊ុន សែន បានថ្លែងព្រមាន ចាប់ខ្លួនលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ដាក់ពន្ធនាគារ ប្រសិណាជាមេដឹកនាំ ដែលកំពុងរស់នៅនិរទេសខ្លួន វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយមានវត្តមានហែហម ពី​សំណាក់​ក្រុម​អ្នកគាំទ្រ៕

អត្ថបទ៖​ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds