ប្រ​ធាន​អង្គការខ្ញុំខ្មែរ ឆ្លើយតបទៅលោកហ៊ុន ម៉ានិត ដែលថា​តំណាង​អង្គការខ្ញុំ​ខ្មែរ​ ជាអ្នកបង្កើតព័ត៌មាន​ក្លែងក្លាយ

បន្ទាប់ពីលោក ហ៊ុន ម៉ានិត ដែលជា​កូនប្រុស​ទី​ពីរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ក្លែងក្លាយដែលថាលោកមានលុយទៅដល់ ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយអ្នកដែល​បង្កើតគឺ​ក្រុមប្រឆាំង ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង​«​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol»​។​ ប្រ​ធាន​អង្គការខ្ញុំខ្មែរ លោកជា និច្ច បានចេញមុខបដិសេធនៅការចោទប្រកាន់​មួយនេះ ។

តាមរយៈវីដេអូជាង១ នាទី លោកជា និច្ច បានអោយដឹងថា​ ក្នុងនាមខ្ញុំជាប្រធានអង្គការខ្ញុំខ្មែ ​មិនទទួល​ខុសត្រូវរាល់បុគ្គលដែលពាក់អាវអង្គការខ្ញុំខ្មែរ ហើយដើរ ជេរ ដើរបង្ខូច ទៅដល់រាជរដ្ឋាភិបាល ក៏ដូច​ជា​ក្រុមគ្រួសារ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកថា ចំពោះ​បុគ្គល​ដែល​យករូបលោកទៅបង្ហោះលើបណ្តាញហ្វេសប៊ុកក្នុងបំណង អោយ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល យល់ច្រឡំថាខ្ញុំទៅជាមនុស្សម្នាក់ប្រឆាំងនិងរដ្ឋាភិបាល គឺជារឿង​មិនពិត ។ ខ្ញុំបាទមិនបានធ្វើអ្វីដែលប្រឆាំងនិងរដ្ឋាភិបាលនោះទេ ហើយរាល់បុគ្គល​ដែលយកអាវ​ខ្ញុំខ្មែរ​ទៅពាក់ដម្បីបំពុលបំភាន់ចាក់រុកឆ្កឹះឆ្កៀលនោះ គឺមិនមែនជាកូនចៅ ឬតំណាង របស់អង្គការខ្ញុំបាទទេ ។

លោកជា និច្ច បន្ថែមថា អង្គការខ្ញុំខ្មែរមិនពាក់ព័ន្ធនយោបាយប្រឆាំងរដ្ឋាភិបាលទេ​ ហើយអ្នកដែលពាក់​អាវ​ខ្ញុំខ្មែរ យកទៅប្រព្រឹត្តអំពើរអាក្រក់ទាំងឡាយ ខ្ញុំបាទមិនទទួលខុសត្រូវទេព្រោះអង្គការខ្ញុំខ្មែរ គ្រាន់​តែ​ជាអង្គការមនុស្សធម៌ដែលកើតចេញពីការស្រលាញ់ខ្មែរ ស្រលាញ់ប្រទេស​និងរាជរដ្ឋាភិបាល​ខ្មែរដោយ​គ្មានលក្ខខណ្ឌ ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗលោក ហ៊ុន ម៉ានិត បាន​លើកឡើង​ពីគំរោង​ផ្លូវច្បាប់​លើ​អ្នក​បង្ហោះ​ព័ត៌មាន ពី​ទ្រព្យសម្បតិ​ខ្លួន​ដែរ​។​ ខ្ញុំ​កំពុងតែ​ពិចារណា​ថា​តើ គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ «​ខ្ញុំ​ខ្មែរ​» នេះ ឬក៏​ទុកចោល​? ដោយសារ​ករណីបែបនេះ​មិនមែនជា​លើក​ទី ១ ទេ ដែល​កន្លងមក​ក្រុមប្រឆាំង​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដែល​ខ្ញុំ​ក៏មាន​ការកោតសរសើរ​ចំពោះ​ក្រុម​នេះ​ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​គិតថា​ចំណុច​អ្វីខ្លះ គួរតែ​ចាក់រុក​»​៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds