ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ ដល់អាមេរិកហើយ ត្រៀមចេញច្រៀងទាំងគ្មានសល់កៅអីទំនេរ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល សម្រាប់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលទន្ទឹងរង់ចាំវត្តមានតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ និងកូនប្រុសទាំងបី។ ពួកគាត់ រួមទាំងក្រុមតន្ត្រីករ ដែលធ្វើដំណើរពីកម្ពុជា បានត្រៀមខ្លួនរួចជាសម្រេច ដើម្បីចេញច្រៀងរាំលក់សំបុត្រនៅទីនោះ ដោយគ្មានសល់កៅអីទំនេរ។

តាមការបញ្ជាក់របស់លោក ហង្ស ឈា ដែលគេស្គាល់ថាជាអតីតតារាសម្តែងនិងជាអ្នកផលិតកម្មវិធីនោះបានបញ្ជាក់ថា លោកព្រាប សុវត្ថិ កូនៗ និងក្រុមតន្ត្រីករ សរុបប្រមាណ១០នាក់ បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃទី២២ ខែមីនានេះ។ ការប្រគំតន្ត្រីឈ្មោះថា “US Mega Ture Dance Party” លើកដំបូងនឹងត្រូវធ្វើឡើងនៅក្នុងទឹកដីរដ្ឋ មីនីសូតា នៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះតែម្តង។ ក្រៅពីរដ្ឋមួយនេះតារាចម្រៀង និងសិល្បករ និងតន្ត្រីករទាំងអស់នឹងបន្តដំណើរទៅច្រៀងរាំ និងសម្តែងរបស់ខ្លួនៅរដ្ឋជាច្រើនទៀតនៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះ។

មុនពេលចាកចេញពីកម្ពុជា លោកព្រាប សុវត្ថិ ថ្លែងថា លោកសប្បាយ​ចិត្ត​មែន​ទែន នៅ​ពេល​ដឹង​ថា ពួក​គាត់​គាំទ្រ​ពួក​ខ្ញុំ ពិសេស​កូន​ៗ ហើយលោករំពឹងថានឹងបង្កើនភាពសប្បាយរីករាយសម្រាប់ពួកគាត់បានល្អ។ លោកថានេះ​ជា​ដំណើរ​លើក​៤ សម្រាប់​លោក ប៉ុន្តែ​ជា​លើក​ដំបូង​ជុំ​ជាមួយ​កូន​ៗ​ទៅ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ខ្លាំង។ លោកបញ្ជាក់ដែរថា បេសកកម្ម​មួយ​នេះ មាន​រយៈ​ពេល​២​ខែ ទើប​លោក​វិល​ជួប​មាតុភូមិ​កំណើត​វិញ។

គួរបញ្ជាក់ដែរថា ក្រោយពីបង្ហាញវត្តមានក្នុងផលិតកម្មហង្សមាសបានជាងមួយឆ្នាំ កូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្អ ក្នុងវិស័យសិល្បៈជាមួយស្នាដៃច្រៀងរាំយ៉ាងល្អ មិនធ្វើឲ្យទស្សនិកជនខកចិត្ត។ ពួកគេក៏ទទួលបានឱកាសឡើងឆាកប្រគំតន្រ្តីធំៗជាច្រើនដែលរៀបចំដោយផលិតកម្មផងដែរ។

ការចេញច្រៀងរាំរួមគ្នារវាងឪពុកកូននេះ នឹងត្រូវបានគេរំពឹងថាទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក បើទោះបីជាមានការបំផុសបំផុលមួយចំនួនពីសកម្មជននយោបាយមួយចំនួន ស្នើមិនឲ្យចូលរួមទស្សនា ឬច្រៀងរាំលេងកម្សាន្តជាមួយតារាចម្រៀងមកពីកម្ពុជានេះក៏ដោយ៕

អត្ថបទ កែវ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds