លោក ឌិន សុមេធារិទ្ធ ចង់អភិវឌ្ឍ​ភូមិផ្កាត្រកួន​ ឲ្យក្លាយ​ទៅជា​ភូមិ​បុរាណមួយ​ដូចទៅ​នឹងសម័យ​លង្វែក

ហាក់ប្លែក ខុសពីអ្នកអភិវឌ្ឍន៍ផលិតផលទេសចរណ៍នានា ដែលច្រើនតែបង្កើតតំបន់កម្សាន្ដ កន្លែង​ស​ម្រាក​លំហែកាយ ឬរីស៊ត បែបទំនើបស៊ីវិល័យ អ្នកជំនាញស្ថាបត្យករ និងផ្នែកបដិ​សណ្ឋារកិច្ចល្បី​ឈ្មោះ​មួយរូប បែរជាផ្ដួចផ្ដើមគំនិតអភិវឌ្ឍកន្លែងសម្រាកលំហែកាយបែបធម្មជាតិ លាយឡំ​នឹង​វប្ប​ធម៌បុ​រាណ​ដូចទៅនឹងសម័យឧដុង្គ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍។ បើតាម ស្ថាបនិក​រមណីយដ្ឋាន​ភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានឲ្យដឹងថា ទីសម្រាកលំហែកាយប្លែកអារម្មណ៍មួយនេះ នឹងបើក​ឲ្យភ្ញៀវចូល​កម្សាន្ដ។

ថ្លែងប្រាប់សារព័ត៌មាន Fast News ស្ថាបនិក​រមណីយដ្ឋាន​ភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​​រមណីយដ្ឋាន​​នេះ បានចាប់​ផ្ដើម​​សាងសង់​​អស់​​រយៈរយៈពេល​ជាង​១ឆ្នាំហើយ ដោយ​បាន​អភិវឌ្ឍ​ក្នុង​ផ្ទៃដី ១០0ហិចតា។ លោក ចង់អភិវឌ្ឍ​ភូមិផ្កាត្រកួន​នេះ​ ឲ្យក្លាយ​ទៅជា​ភូមិ​បុរាណមួយ​ដូចទៅ​នឹងសម័យ​លង្វែក ទើបភាគ​ច្រើនផ្ទះ ដែលត្រូវ​សាងសង់​នៅក្នុង​​ភូមិនេះ គឺជាផ្ទះ​លំហែកាយ​​បែប​បុរាណខ្មែរ ដោយមិន​មានការ​ចម្លងម៉ូត​ពីប្រទេស​ជិតខាង​ឡើយ។

 

លោកថា ពលរដ្ឋ​រស់នៅ​ទីក្រុង​ភាគច្រើន​ធ្លាប់រស់​នៅផ្ទះថ្ម ឬវីឡា​ហើយ ដូចនេះហើយ​លោកចង់​​ឲ្យអតិថិ​ជន​ផ្លាស់ប្តូរ​បរិយាកាស មករស់នៅ​ផ្ទះឈើ​បុរាណ​វិញម្តង។ តែយ៉ាងមិញ​ក៏មិនបាន​​ហាម​ឃាត់​ដាច់ខាត មិនឲ្យ​សាងសង់ផ្ទះ​ម៉ូ​ត​​​សម័យ​​ថ្មី​នោះទេ គ្រាន់តែ​ការសាងសង់​ផ្ទះនោះ ត្រូវតែស្ថិត​ក្រោមការ​​ត្រួតពិនិត្យ​របស់​ក្រុមការងារ​​លោក​ជាមុន​សិន។

ចំណុចសំខាន់២​របស់រមណីយ​ដ្ឋាន​ភូមិផ្កាត្រកួនគឺ ទី១ជាសួន​កម្សាន្ដ​បែប​ធម្មជាតិ​ដ៏ធំដោយ​មានបឹង​ធម្ម​ជាតិ ទី២ ជាលំនៅដ្ឋាន​លំហែកាយ បែប​បុរាណ​ប្រកប​ដោយ​ផាសុកភាព​ផងដែរ។​ ស្ថាបត្យករ ឌិន សុមេធារិទ្ធ ប្តេជ្ញាថា នឹងធ្វើ​ឲ្យ​រមណីយដ្ឋាន​ផ្កាត្រកួន​នេះ ក្លាយជា​ជម្រើស​ដំបូង និងមាន​តែមួយគត់​​សម្រាប់​អ្នកទីក្រុង​មកកម្សាន្ដ​លេង​ជាលក្ខណៈ​ក្រុមគ្រួសារ។

 

រមណីយដ្ឋាន​ភូមិផ្កា​ត្រកួន មានទីតាំង​ស្ថិត​នៅក្នុង ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បើយើងធ្វើដំណើរ​តាមផ្លូវ​ជាតិលេខ ២១A ពីទួល​ក្រសាំងមក រមណីយដ្ឋាន​នេះ មានចំងាយ​ប្រមាណ ​២០គីឡូម៉ែត តែបើសិន​ជាធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២១ រមណីយដ្ឋាន​នេះមាន​ចំងាយ ២៧គីឡូម៉ែត ​ដោយត្រូវ​វាងកោះ​អន្លុងចិន នឹងជិះកាត់​តាមកោះ​ក្របី។

 

គួរជម្រាបថា វិស័យ​ទេសចរណ៍ គឺជា​សរសរស្ដម្ភ​​ដ៏សំខាន់​មួយ ដើម្បី​ទ្រទ្រង់​​ដល់​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា ខណៈដែល​វិស័យនេះ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​​ចាត់​ទុកថា គឺជាមាស​បៃតង របស់​កម្ពុជា និងកំពុង​​ត្រូវបាន​ជ្រោមជ្រែង​​យ៉ាង​ខ្លាំង​​ផងដែរ។ ក្នុងនោះ ការបង្កើ​ត​នូវ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ដូចជា តំបន់​កម្សាន្ដ ​កន្លែងសម្រាក​លំហែកាយ​នានា ត្រូវ​បាន​​រាជរដ្ឋាភិបាល ចាត់ទុក​ថា គឺជាអាទិភាព​ចម្បង​មួយ ក្នុងការ​ជំរុញ​ដល់កំណើន​​ទេសចរ​​ចូលមក​កម្សាន្ដ​​នៅកម្ពុជា​កាន់តែ​ច្រើន​ឡើង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds