សំណុំរឿងអតីតបុគ្គលិក RFA ឧទ្ធរណ៍គ្រោងជម្រះក្ដី នៅថ្ងៃទី ២១ មិថុនា
ភ្នំពេញ: សំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ សុជាមេត្តា ត្រូវសាលាឧទ្ធរណ៍គ្រោងបើកសវនាការនៅថ្ងៃទី ២១ មិថុនាខាងមុខនេះ ពាក់ព័ន្ធបទចោទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» ខណៈសាមីខ្លួនស្នើឲ្យទម្លាក់ បទចោទចោលទាំងអស់។
តាមលិខិតអញ្ជើញ លោក សំ ចំរើន មេធាវីការពារក្ដីលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ដែលចុះហត្ថលេខាដោយលោកសាយ សុខហឿង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ចុះថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា៖ «សូមជម្រាបមកមេធាវី សំ ចំរើន (មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ អ៊ួន ឈិន និង យាង សុធារិន្ទ ហៅ យាង សុជាមេត្តា) ដើម្បីជំនុំជម្រះរឿងប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨ ព្រឹកនៅបន្ទប់សវនាការទី ៣។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យអតីតបុគ្គលិកអាស៊ីសេរី ថ្លែងប្រាប់ Fast News នៅថ្ងៃទី១៩ មិថុនា នេះថា លោក និងកូនក្ដីទាំងពីរនឹងចូលរួមក្នុងសវនាការនេះ ហើយរំពឹងថា សាលាឧទ្ធរណ៍នឹងសម្រេចតាមការស្នើសុំរបស់មេធាវី។ លោកបញ្ជាក់ថា សវនាការនៅសាលាឧទ្ធរណ៍នេះ គឺជាប្ដឹងទាស់នឹងដីការបស់ចៅក្រមតុលាការក្រុងភ្នំពេញ ដែលបានដាក់អ្នកទាំងពីរក្រោមការត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ។
លោកមេធាវី បន្តថា យើងសុំលុបការត្រួតពិនិត្យហ្នឹង ហើយទាក់ទងនឹងសវនាការដែលថា នឹងដេញដោលរកខុសរកត្រូវ អាហ្នឹងទៅតាមដំណើរហ្នឹងទៅ។ ទោះបីយ៉ាងណា លោកក៏ជំរុញឲ្យតុលាការយើងកែតម្រូវឬលុបចោលបទចោទហ្នឹងទាំងស្រុង ព្រោះសព្វថ្ងៃនេះ គាត់មានបញ្ហាផ្នែកជីវភាព រស់នៅប្រចាំថ្ងៃ»។
គួរំលឹកថា អតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការបង្កើតស្ទូឌីយូថតចម្រៀងដោយគ្មានការអនុញ្ញាត។ ក៏ប៉ុន្តែក្រោយមក អាជ្ញាធរបែរជាចោទអ្នកទាំង២ ពីបទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” ដែលជាបទឧក្រិដ្ឋចារកម្មទៅវិញ។ បទចោទនេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យពួកលោកមានទោសមែននោះ។
អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង ៩ខែ។ ក៏ប៉ុន្តែសេរីភាពដែលទទួលបាននេះ មានលក្ខណៈរឹតត្បិតនៅឡើយ ព្រោះតុលាការបានដាក់អ្នកទាំងពីរក្រោមការត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ហើយសម្ភារៈដែលត្រូវបានរឹបអូសជាវត្ថុតាងនោះ ក៏តុលាការមិនទាន់ប្រគល់ឱ្យអ្នកទាំងពីរវិញដែរ៕
អត្ថបទ៖ សុខ លាភ