ស្នងការខេត្តបាត់ដំបង បដិសេធចំពោះព័ត៌មានថា មានគេលួចដុតផ្ទះលោកបណ្ឌិត មាស នី
ភ្នំពេញ៖ បន្ទាប់ពីគេហដ្ឋាននៅបាត់ដំបងរបស់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានភ្លើងឆេះ អស់ស្ទើទាំងស្រុង កាលពីរសៀលថ្ងៃទី១៨ មិថុនា ដោយមិនទាន់ដឹងពីមូលហេតុនោះស្នងការននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺ ជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម។
ស្នងការននគរបាលខេត្តបាត់ដំបង បានសរសេរនៅក្នុងហ្វេសបុកនៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះថា កាលពីរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង១០នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅចំណុចក្រុម ទី ១៨ ភូមិកម្មករ សង្កាតស្វាយប៉ោ ក្រុងបាត់ដំបង ដែលករណីនេះបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឲុ្យមនុស្សណាម្នាក់រងរបួសដោយឧប្បត្តិហេតុនេះទេ។ នៅក្នុងគ្រោះអគ្គិភ័យនេះក៏មានលំនៅដ្ឋានមួយជារបស់លោកបណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គមត្រូវបានរងកាខូចខាតដោយគ្រោះអគ្គិភ័យនេះផង ដែរ។
ស្នងការនគរបាលខេត្តបាត់ដំបង បន្ថែមថា សោកស្តាយចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដ៏ មហន្តរាយមួយនេះ។ ក្នុងករណីអគ្គិភ័យមួយនេះសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវ ជ្រាវរកមូលហេតុពិត ប្រាដកដែលបណ្តាលឲ្យកើតអគ្គិភ័យនេះដោយយកចិត្តទុកដាក់បំផុត ។ ជាមួយនេះដែរមានការកត់សម្គាល់ឃេីញថាអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងដោយមិនមានមូលដ្ឋានច្បាស់ លាស់ពិតប្រាកដប្រើប្រាស់អារម្មណ៍ផ្ទាល់របស់ខ្លួនវាយតម្លៃសន្និដ្ឋាន ចំពោះគ្រោះអគ្គិភ័យនេះថា កើតឡើងដោយមាន(គេលួចដុត)ទៅវិញជាហេតុបង្ករឲ្យមានការយល់ច្រឡំក្នុងមជ្ឈដ្ឋានទូទៅ។
ជាមួយក្នានេះដែរស្នងការនគរបាលខេត្តបាត់ដំបង សូមបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានលើកឡើងក្នុងបណ្តាញសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ពិតប្រាដកដូចខាងលើ និងសូមសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ ៕
អត្ថបទ៖ សុខ លាភ