ងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចប្រឈមការអត់កូន
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា កត្តាចម្បងមួយសម្រាប់ប្រុសៗ ជាហេតុផលនាំឲ្យមិនអាចមានកូន បានអាចបណ្តាលមកពីការដេកត្រាំទឹកក្តៅ ងូតទឹកក្ដៅ ឬស្ទីមយូរពេក។
ក្រុមអ្នកវិទ្យាសាស្ត្រ បានអោយដឹងថា មេជីវិតឈ្មោលផលិតនៅក្នុងពងស្វាសមានសីតុណ្ហភាពសមស្របមិនក្ដៅពេក និងមិនត្រជាក់ពេក។ ការពិសោធត្រូវគេធ្វើឡើងចំពោះប្រុសៗងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅយូរជាង ៣០ នាទី រកឃើញថា ពិតជាមានចោទបញ្ហាមែន ខណៈទស្សនាវដ្ដីសុខភាពប្រេស៊ីលវិញ អះអាងថា មិនត្រឹមតែទឹកក្ដៅប៉ុណ្ណោះទេ កម្ដៅភាយចេញពីការដាក់កុំព្យូទ័រយួរដៃលើភ្លៅ និងការស្លៀកខោរឹបពេក ក៏អាចប៉ះពាល់ដូចគ្នា។ ក្រៅពីនេះ នៅមានកត្តាសុខភាព (ទាំងប្រុសទាំងស្រី) ផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់លទ្ធភាពមានកូន។
សម្រាប់ដំណោះស្រាយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រុសៗប្រមាណ ៥០% ត្អូញរឿងពិបាកយកកូន តែបន្ទាប់ពីតមងូតទឹកក្ដៅចាប់ពី ៣-៦ ខែមួយចំនួនសប្បាយចិត្តជាមួយលទ្ធផលគុណភាពមេជីវិត ប៉ុន្តែលទ្ធផលនេះ មិនច្បាស់សម្រាប់ប្រុសៗជក់បារីជាប្រចាំនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្រ បន្ថែមថា ចំពោះលទ្ធភាពយកកូនគួរញាំ របបអាហារដូចជា ញ៉ាំអយស្ទ័រ ស៊ុត ចេក ស្ពៃពួយឡេង ការ៉ុត វ៉លណាត់ (Walnut) ប៊ើរី និងយិនស៊ិន ជាដើម។ ប្រុសៗក៏អាចជ្រើសអាហារបំប៉ន និងវីតាមីន ដូចជា A B C រួមនឹងអាស៊ីដផូលីក ពីព្រោះថាអាហារទាំងនេះអាចជួយបង្កើនការផលិតមេជីវិតប្រុសៗ។ យ៉ាងណា កុំភ្លេចលំហាត់ប្រាណផង។
អត្ថបទ៖ សុខ លាភ