លោក ស ថេត ត្រៀមពេលវេលាសម្រាប់ឲ្យមន្រ្តីនគរបាល រត់ហាត់ប្រាណជុំគ្នា
ភ្នំពេញ ៖ ក្នុងឱកាស នៃចំនួនមន្រ្តី នគរបាលជិត៨០០នាក់ ចូលរួមគោរពទង់ជាតិ ក្នុងសប្តាហ៍នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានថ្លែងថា នឹងរកពេលវេលាណាមួយ ដើម្បីឲ្យមន្តី្រ នគរបាលហាត់ប្រាណជុំគ្នា ដើម្បីថែរក្សាសុខភាព ឲ្យបានមាំមួន។
សរសេរនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក លោកស្នងការ នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា ជាទម្លាប់ក្រោយគោរពទង់ជាតិ លោកតែងតែលើកឡើងបញ្ហាសំខាន់ៗ ដែលត្រូវរួមគ្នាអនុវត្តបន្ថែមទៀតដូចជា ការស្លៀកពាក់ឯកស្ថាន ពាក់កាតសម្គាល់ជាមន្រ្តីនគរបាល ហើយឃើញថា មានការឯកភាពគ្នាល្អ ។ ចំពោះការគោរពវិន័យ មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកថា “ខ្ញុំនឹងរើសជ្រើសយកថ្ងៃសៅរ៍ ឬអាទិត្យណាមួយ រត់ហាត់ប្រាណជុំគ្នា ក្នុងគោលបំណងជំរុញឲ្យថែរក្សាសុខភាពបានមាំមួន ជៀសឆ្ងាយពីជម្ងឺផ្សេងៗ”។ ជាមួយគ្នានេះ លោកបានស្នើមន្រ្តីនគរបាលចរាចរណ៍ ត្រូវបន្តធ្វើកិច្ចការសង្គមឲ្យបានច្រើនថែមទៀត ដូចជាជួយជូនចាស់ៗ និងក្មេងៗឆ្លងផ្លូវ និងការងារនៅលើដងផ្លូវផ្សេងទៀត ដែលការងារទាំងនេះ តែងតែទទួលបានការគាំទ្រពីមហាជន និងការងាររក្សាសន្តិសុខ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ៕
អត្ថបទ៖ សុខ លាភ