បញ្ជូនជនសង្ស័យ៩នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅខារ៉ាអូខេ «AJR» ក្រុងប៉ោយប៉ែតទៅតុលាការ
បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៩នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខារ៉ាអូខេរាត្រីយីហោ «AJR» ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមលោកបោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
លោកបោន ប៉ិន បានបន្តថា ដោយមានការស្រាវជ្រាវយ៉ាងម៉តចត់ពីសំណាក់កម្លាំងជំនាញ និងការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញឈានទៅដល់ការបង្ក្រាប និងដកហូតបានវត្ថុងជាគ្រឿងញៀនជាច្រើន រួមទាំងអាវុធផងដែរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តចាប់ការតាមនីតិវិធីច្បាប់។
លោកមេបញ្ជាការអាវុធហត្ថខេត្ត បានបន្តថា កាលពីយប់រំលងអាធ្រាតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណា បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ និងគ្រឿងញៀន រួមជាមួយសម្ភារៈមួយចំនួនទៀត។
ម្ចាស់ទីតាំងម្ចាស់ទីតាំងឈ្មោះ ឡាយ ប៉េងអាន ដែលបានជួលបន្តទៅកាន់មេការ ឈ្មោះ រស់ ភារុណ (ហៅ កុម្មង់ដូ) ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកគ្រប់គ្រង់ ឈ្មោះស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន និងកាប់កាប់អាវុធខុសច្បាប់។
សូមរំលឹកថា ករណីបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី នៅចំណុចខារ៉ាអូខេ «AJR» ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ សុខ លាភ