ត្រឹមរយះពេល ៥ខែក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១,៣៣៥ លានដុល្លារ
បើតាមការបង្ហាញលទ្ធផលសរុបនៃការប្រមូលពន្ធប្រចាំ ខែឧសភា ឆ្នាំ២០១៩ នេះបានអោយដឹងថា ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុបប្រមាណជាង ៥៣៤៣ ប៊ីលានរៀល ត្រូវជាប្រមាណជាង ១៣៣៥ លានដុល្លារអាមេរិក ដែលទិន្នន័យមួយនេះវាស្មើនឹង ៥៨,៣៧% នៃផែនការសរុបក្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ បានអោយដឹងថា សម្រាប់ ខែឧសភា នេះចំណូលពន្ធដែលប្រមូលបានមានសរុបជាង ៧៤៣ ប៊ីលានរៀល ត្រូវប្រមាណជាង ១៨៥ លានដុល្លារ អាមេរិក។
គួរបញ្ជាក់ផងដែរថាចំពោះរយៈពេល ៥ខែដំបូងនៃការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងឆ្នាំ២០១៩ មានការកើនឡើងលើសពី ៥ឆ្នាំដំបូង នៃឆ្នាំ២០១៨ រហូតដល់ទៅ ១១៦៦ ប៊ីលានរៀល ត្រូវប្រមាណជាង២៩១លានដុល្លារអាមេរិក ស្មើនឹង ២៧,៩៤% ឯណោះ ដែលនេះបង្ហាញអោយឃើញពីកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ អោយមានប្រសិទ្ធភាព៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ