លោកមេធាវី សុខ សំអឿន គួពិនិត្យ និងវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការ​ឃុំខ្លួនបណ្តោះអាសន្ន ឬ បង្កើត​ច្បាប់​ពីការធានានៅក្រៅឃុំ

លោកមេធាវី សុខ សំអឿន ប្រធានក្រុមមេធាវីអមរិន្ទ បានសរសេរនៅក្នុងបណ្តាញ​សង្គមនៅថ្ងៃទី១៣ មិថុនានេះ​ថា សព្វថ្ងៃសង្កេតឃើញថា ឲ្យតែមានបណ្តឹងព្រហ្មទណ្ឌ ហើយប្រសិនបើបញ្ជូន​ទៅស៊ើបសួរ ដឺងតែអយ្យការស្នើឲ្យឃុំខ្លួន ហើយចៅក្រមស៊ើបសួរ ក៏ត្រូវ​តែឃុំខ្លួនដោយសំអាងថាអយ្យការទេស្នើសុំ មិនមែនគាត់ចង់ឃុំទេ។

លោកថា បើតែអញ្ចឹង រាស្រ្តណាមិនខ្លាចចៅក្រម រាស្រ្តណាមិនញាក់សាច់ពេលដឹងថាចៅក្រមហៅខ្លួន។ គួរតែពិនិត្យមើលច្បាប់សិនទេដឹង? ក្នុងរដ្ឋដែលមានតុលាការមិនសូវគិតពីសេរីភាពរាស្រ្តអញ្ចឹង មានតែ​រំពឹង​លើអង្គនិតិបញ្ញតិ្ត ដែលប្រមូលផ្តុំដោយតំណាងរបស់រាស្រ្តនោះទេ ដែលអាចពីនិត្យច្បាប់ និង កែ សសេរច្បាប់ឲ្យបានច្បាស់ដើម្បីជាទីពឹងរបស់រាស្រ្តផង។

លោកបន្តថា បើមានអ្នកគេចពីការចាប់ខ្លួន តើគេនឹងអាចរត់ពួននៅទីណាទៅ? ឬអាងថា​គ្មានព្រៃ​ពួន​បាន​? ជាអនុសាសន៍ គួតែពិនិត្យ និង វិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការ​ឃុំខ្លួនបណ្តោះអាសន្ន! ឬ បង្កើត​ច្បាប់​ពីការធានានៅក្រៅឃុំ។ បង្កើតតុលាការឃុំខ្លួន Court de Liberté ដូចនៅបារាំង ក៏បាន! បើជ្រុល​ចំ​លង​ពីគេ ម៉េចមិនចម្លងទាំងស្រុង?៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds