ចាប់ខ្លួនចោរម្នាក់ ក្រោយប្លន់ធនាគារបាន២ដង ដោយយកផ្លែប៊ឺរបន្លំធ្វើគ្រាប់បែក
អ៊ីស្រាអែល៖ ចោរប្លន់ហេងស៊យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្លន់ធនាគារបាន២ដង ដោយគ្រាន់តែប្រើប្រាស់ផ្លែប៊ឺរបន្លំធ្វើគ្រាប់បែកតែប៉ុណ្ណោះ។
យោងតាមប្រភពបានឱ្យដឹងថា ចោរម្នាក់នេះមានអាយុ ៤៧ឆ្នាំ បានចូលមកប្លន់ធនាគារ Postal Bank មួយកន្លែងនៅក្នុងទីក្រុង Beersheba កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ។ ដោយដំបូងរូបគេបានហុចក្រដាសមួយសន្លឹកដោយទាមទារឱ្យបុគ្គលិកធនាគារម្នាក់ប្រគល់ប្រាក់ចេញពីកេសដាក់ប្រាក់ឱ្យគេភ្លាម។
ភ្លាមៗនោះ បុគ្គលិកស្រីនោះក៏មានការស្ទាក់ស្ទើរផងដែរ ប៉ុន្តែចោរម្នាក់នេះបានយកគ្រាប់បែកគំរាមថា បើមិនឱ្យប្រាក់គេទេ គេនឹងគប់គ្រាប់បែកឱ្យស្ទុះស្លាប់នៅទីនេះយកតែម្តង។
រំពេចនោះ បុគ្គលិកស្រីធនគារម្នាក់នេះក៏បានប្រមូលលុយចេញពីកេសដាក់ប្រាក់ឱ្យគេភ្លាមៗជាមួយនឹងទឹកប្រាក់ជាង ៤,៤៥០ដុល្លារ។
៥ថ្ងៃក្រោយមក ចោរម្នាក់នេះពិតជាថ្លើមធំពិតមែន ហ៊ានចូលប្លន់ធនាគារ Postal Bank ម្តងទៀត ប៉ុន្តែ ម្តងនេះប្លន់នៅសាខាផ្សេង ហើយបានធ្វើរឿងដដែល និងលើកនេះគំរាមបានប្រាក់ប្រមាណ ៣,៣៣០ដុល្លារ រួចក៏គេចខ្លួនបាត់ទៅ។
យ៉ាងណាមិញ ឆ្លងកាត់ការស៊ើបអង្កើតរបស់ប៉ូលិស នៅទីបំផុតប៉ូលិសក៏អាចតាមដានចោរប្លន់ម្នាក់នេះបានតាមរយៈទូរស័ព្ទរបស់គេ។ ដូច្នេះរូបគេត្រូវបានចាប់ខ្លួន ហើយត្រូវបានរកឃើញថា គ្រាប់បែកដែលគេយកទៅគំរាមបុគ្គលិកធនាគារនោះ ការពិតគឺគ្រាន់តែជាផ្លែប៊ឺរលាបពណ៌ខ្មៅតែប៉ុណ្ណោះ។
បន្ថែមពីនេះទៀត ចោរម្នាក់នេះក៏ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពាក់ព័ន្ធទៅនឹងករណីប្លន់ពីមុនៗមកដែរ ហើយលើកនេះរូបគេនឹងយកទៅកាត់ទោសដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ