តោះមកដឹងពីរឿងប្រវត្តិលោកឧកញ៉ា ឃ្លាំង មឿង
លោកតាឃ្លាំងមឿងជាមេទ័ពមួយរូប ដ៏ល្បីល្បាញនៅក្នុងសម័យលង្វែក អ្នកណាក៏តែងតែក្រែងញញើតពីអនុភាពរបស់លោកតាឃ្លាំងមឿងដែរ ។ លោកតាឃ្លាំងមឿងបានធ្វើសង្គ្រាមនៅក្នុងសមរភូមិមិនដែលទទួលបរាជ័យសូម្បីតែមួយលើក ធ្វើឱ្យព្រះបាទ ច័ន្ទរាជា ទ្រង់បានសព្វព្រះរាជហរទ័យត្រាសបង្គាប់ឱ្យឧកញ៉ាឃ្លាំងមឿងជាមេទ័ពសេនាដៃស្ដាំរបស់ព្រះអង្គរហូតមក ។
នៅថ្ងៃមួយព្រះបាទច័ន្ទរាជក៏បានត្រាស់បង្គាប់ ឧកញ៉ាឃ្លាំងមឿងឱ្យចេញទៅធ្វើសង្គ្រាមការពារខេត្តដែលនៅជាប់ព្រំប្រទល់សៀម ដោយសារតែពួកសៀមវាយសម្រុកចូលមកលឿនពេក ហើយក៏បានដណ្ដើមយកខេត្តបាត់ដំបងបាន ហើយពួកសៀមបម្រុងវាយយកខេត្តពោធិសាត់មួយខេត្តទៀត ទើបធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបោះជំរុំនៅក្នុង ខេត្តពោធិ៍សាត់ ។
ការវាយលុក និង ការឡោមព័ទ្ធ របស់មេទ័ពសៀមអស់រយៈពេលជាយូរខែយូរថ្ងៃក៏នៅតែមិនបានសម្រេច ធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបាត់បង់កងទ័ពអស់ជាច្រើននាក់ ការសុំកងទ័ពជំនួយក៏មិនទាន់មកដល់ ហើយឧកញ៉ាឃ្លាំងមឿងក៏បានសម្រេចចិត្តសរសេរសារលិខិតទៅថ្វាយព្រះបាទច័ន្ទរាជាម្ដងទៀត ដោយមានអត្ថន័យថា (បពិតព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំសូមថ្វាយជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកធ្វើចម្បាំងដណ្ដើមយកទឹកដី ដែលបានបាត់បងមកវិញ ) ។ ឧកញ៉ាឃ្លាំងមឿងសរសេរសារថ្វាយរួចហើយ ក៏បានបញ្ជាកូនទាហានទៅជីករណ្ដៅដែលមានជម្រៅរហូតដល់ ៣ ម៉ែតហើយនៅក្នុងរណ្ដៅនោះត្រូវដាំសុទ្ធតែកាំបិត និង ចម្រូងឬស្សីយ៉ាងមុតស្រួច ។
ឧកញ៉ាឃ្លាំងមឿងបានលោតចូលទៅក្នុងរណ្ដៅភ្លាមមួយរំពេច ស្រាប់តែពេលនោះមានភរិយាព្រមទាំងកូនប្រុសរបស់គាត់ក៏បានលោតចូលទៅក្នុងនោះផងដែរ ហើយក៏មានមេទ័ព ជំនិត២នាក់ក៏ហ៊ានលះបង់ជីវិតទៅតាមបម្រើឧកញ៉ាឃ្លាំងមឿង ។ ឧកញ៉ាឃ្លាំងមឿងបានលះបង់ជីវិតទាំងគ្រួសារដើម្បីការពារទឹកដីខ្មែរ ។
៣ ថ្ងៃក្រោយមកនាពេលយប់ខែភ្លឺមួយ ស្រាប់តែមានសំឡេងពិណ្យពាទ្យ និង មានសំឡេងស្រែកហ៊ោកញ្ជ្រាវរបស់កងទ័ពខ្មោច ដែលឧកញ៉ាឃ្លាំងមឿងបានទៅកេណ្ឌក៏បានមកដល់ ហើយធ្វើឱ្យកងទ័ពសៀមចុកពោះ រាករូសគ្មានកម្លាំង ក្រោកឈរទៅណាក៏មិនរួច លុះដល់ពេលព្រឹកឡើងកងទ័ពរបស់ឧកញ៉ាឃ្លាំងមឿងដែលនៅរស់ទាំងអស់ ក៏បានចូលទៅចាប់ចងកងទ័ពសៀមទាំងអស់ ដែលបានឡោមព័ទ្ធកងទ័ពឧកញ៉ាឃ្លាំងមឿង ។
ចាប់តាំងពីពេលនោះមកស្នាដៃរបស់ឧកញ៉ាឃ្លាំងមឿង ក៏បានចារទុក នៅក្នុងសៀវភៅប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏មានប្រជាពរដ្ឋជាច្រើនមកគោរពបូជាចំពោះឧកញ៉ាឃ្លាំងមឿងមកដល់សព្វថ្ងៃ ៕