ផល​ប៉ះពាល់​ នៃ​ថង់​ប្លាស្ទិក ​និង​សំរាម​ ក្នុង​សង្គមខ្មែរ

នៅ​​ប្រទេស​កម្ពុជា​នៅ​ពេល​ទិញ​សម្ភារៈ​ផ្សេងៗ ថង់​ប្លាស្ទិក ត្រូវ​បាន​ម្ចាស់​អាជីកម្ម​ផ្តល់​ជូន​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ។ ការ​ស្រាវជ្រាវ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថង់​ប្លាស្ទិក​បង្ក​ផល​ប៉ះពល់​ដល់​បរិស្ថាន សុខភាព​មនុស្ស​សត្វ និង​ជីវចម្រុះ​ផ្សេងៗ។ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជា​ជំរើស​ដ៏​ល្អ​មួយ។ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​និង​ការ​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​គ្រប់​រូប។

អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា កម្ពុជា ត្រូវ​ហាម​ប្រាម​កុំ​ឲ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​ត្រូវ​ដំឡើង​ពន្ធ ចំពោះ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក ក្នុង​ន័យ​ការពារ​កុំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន។ ថង់​ប្លាស្ទិក​មាន​ភាព​ងាយ​ស្រួល​ប្រើ ស្រាល មិន​ជ្រាប​ទឹក និង​មាន​តម្លៃ​ថោក ហើយ​លក់​ចេញ​ជា​គីឡូក្រាម។ ម្ល៉ោះ​ហើយ ការ​ប្រើ​ថង់​ប្លាស្ទិក ក្លាយ​ជា​ទម្លាប់​សាមញ្ញ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន លោក ហេង ណារ៉េត ធ្លាប់មាន​ប្រសាសន៍​ថា ថង់​ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ក្លាយ​ជា​សំរាម​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ និង​ធ្វើ​ឲ្យ​ទីលាន​ចាក់​សំរាម​ងាយ​ពេញ​យ៉ាង​ឆាប់​រហ័ស។ លោក​បន្ត​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ការ​សិក្សា​បង្ហាញ​ថា នៅ​ភ្នំពេញ​មាន​សំរាម​រហូត​ដល់ ១៧.៨០០​តោន។ ប្រការ​នេះ ត្រូវ​មាន​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក និង​មិន​ត្រូវ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស​នោះ​ទេ។

មាត្រា​៤៨ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ចែង​ថា បុគ្គល​ដែល​ធ្វើ​ការ​ទុក​ដាក់ វេច​ខ្ចប់ ឬ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ទីប្រជុំជន លាយឡំ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម សំណល់​វេជ្ជសាស្ត្រ ឬ​សំណល់​គ្រោះថ្នាក់ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥​សែន​រៀល​សម្រាប់​អាជីវកម្ម​សិប្បកម្ម មន្ទីរពេទ្យ និង​សម្ភព ៨​សែន​រៀល​សម្រាប់​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១​លាន​រៀល​សម្រាប់​ក្រុមហ៊ុន​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង​ទីប្រជុំជន។

របាយការណ៍​សង្ខេប​របស់​អង្គការ​អករា (ACRA Foundation) បង្ហាញ​ថា ថង់​ប្លាស្ទិក​ ត្រូវ​បាន​ប្រជាជន​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩០។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា កម្ពុជា ត្រូវ​បង្កើត​ច្បាប់​ ស្ដីពី​ការ​ប្រើ​ប្លាស្ទិក ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្លាស្ទិក ការ​ប្រើ​ថង់​ប្លាស្ទិក និង​ត្រូវ​កែច្នៃ​ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច​ឡើង​វិញ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយ ​ឲ្យ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់ ​នៃ​ថង់​ប្លាស្ទិក​ចំពោះ​បរិស្ថាន ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ វិស័យ​ទេសចរណ៍ និង​សុខភាព​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds