លោកសុខ ឥសាន ថា ការអំពាវនាវរបស់ក្រុមប្រឆាំងឱ្យមានការរួបរួមគ្នារក្សាEBA គឺជាល្បិច

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ​អំពាវនាវឲ្យ​ពលរដ្ឋគ្រប់​និ​ន្នាការ និងគ្រប់គណបក្សនយោបាយ​ រួមក​ម្លាំង​គ្នារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់​សហភាព​អឺរ៉ុប ​និងGSP​ របស់សហរដ្ឋអាមេរិក លោកសុខ ឥ​សា​ន​ ហៅថាការ​អំពាវនាវរបស់គណបក្សប្រឆាំងឱ្យមានការរួបរួមគ្នារក្សាEBA គឺជាល្បិច​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងតេឡេក្រាម​របស់​​លោក​ថ្ងៃទី១១​ ខែមិថុនា​នេះ​ថា អ្នកណាក៏ដឹងដែរថា លោកសម រង្ស៊ី បានប្រកាស​ស្នាដៃរបស់​ខ្លួន ក្នុង​ការ​ជំរុញឲ្យសហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ប៉ុន្តែឥឡូវស្រាប់តែមកប្រកាស​ឲ្យជួយការពារ​ទៅវិញ ។ នេះជា​ល្បិចបោក​ប្រាស់សាធារណមតិឲ្យយល់ ច្រឡំថា ខ្លួនខិតខំការពារ EBA ណាស់ តែតាមការណ៍ពិតគឺលោកសម រង្ស៊ី​ និងបក្ខពួកជាអ្នកបំផ្លាញEBAទៅវិញទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៩ ខែមិថុនា អតីតបក្សប្រឆាំងអំពាវនាវទៅពលរដ្ឋគ្រប់និន្នាការ រួម​កម្លាំងគ្នារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនិងGSPរបស់សហរដ្ឋអាមេរិក។ គណ​បក្ស​នេះ​លើកឡើងទៀតថា ការអំពាវនាវនេះធ្វើឡើង​«ដើម្បីបញ្ចៀសនូវការ​ឈឺចាប់ និង​សេចក្តីទុក្ខ​លំបាក​រប​ស់​ពលរដ្ឋខ្មែរ»។


ការលើកឡើងបញ្ហាEBA នៅពេលនេះ ខណៈសហភាពអឺរ៉ុប​ កំពុងសិក្សា​ និងស្វែងរកការណ៍​ពិត​ មុន​នឹង​សម្រេចថា គួរព្យួរ ឬបន្តផ្តល់ EBAឲ្យកម្ពុជាជាបន្តទៀត ខណៈសហភាពអឺរ៉ុប​ បានក្រើន​រំឭក​អោយ​រដ្ឋាភិ​បាល​កម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ ចំណែក​ប្រទេស​ក្រុមអ្នក​បញ្ជាទិញ​បាន​ផ្ញើលិខិតរំឭករដ្ឋាភិបាលកម្ពុជាថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ផ្តល់អត្ថប្រយោជន៍​ដល់កម្ពុជា ក្នុង​ការ​នាំទំនិញទៅលក់នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds