អាគារពាណិជ្ជកម្ម លំដាប់ពិភពលោកនៅខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក របស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ជា គម្រោងមួយ ដែលនឹងផ្លាស់ប្ដូរ មុខមាត់ខេត្ត ព្រះសីហនុ នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៣ខាងមុខ។

លោក ឈីវ គួរស៊ីង ប្រធានក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអោយដឹងថា គម្រោងនេះ ជា​គម្រោង​សណ្ឋាគារលំដាប់ផ្កាយ ប្រាំចំនួនមួយ និងខុនដូ បែបសណ្ឋាគារ ផ្កាយប្រាំចំនួនពីរ អាផាតម៉ិន ផ្សារទំនើប និងកាស៊ីណូ ត្រូវបានសាងសង់ រណ្តៅគ្រឹះ រួចរាល់ នឹងឈានចូលដល់ដំណាក់​កាល​សាង​សង់ នៃគម្រោងពហុមុខងាររបស់ខ្លួន ដោយគម្រោង នេះ ត្រូវបានរំពឹងថា នឹងសាងសង់រួចរាល់ នៅខែមីនា ឆ្នាំ ២០២៣។

លោកបន្តថា គម្រោងពហុមុខងារ ព្រីនស៍ ធានស៊ីវ៉ាននេះ មិនត្រឹមតែ បង្ហាញពីភាពចម្រុងចម្រើន នាពេលអនាគត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិម្មិតសញ្ញានៃការពង្រីក យុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប នៅក្នុងខេត្ត ព្រះសីហនុ ក៏ដូចជាការ បោះ​ជំហ៊ាន កាន់តែជិតក្នុងការរស់នៅតាម​ឆ្នេរសមុទ្រ​សម័យថ្មី។

លោកបានបន្ថែមថា បន្ទាប់ ពី​បានធ្វើការសិក្សា និងដាក់ចេញនូវផែនការយ៉ាងល្អិតល្អន់ កាលពីឆ្នាំ​២០១៨​កន្លងមកនេះ ក្រុមហ៊ុន បានជ្រើសរើសយកតំបន់ឆ្នេរ សមុទ្រ ដែលមានទីតាំង ស្ថិតនៅ ភូមិ៣ សង្កាត់ លេខ ៣ ក្រុង ព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រ ធំជាងគេរបស់ប្រទេសកម្ពុជា ដែល​ធ្លាប់​ជារមណីយដ្ឋានឯកជន សម្រាប់ រាជវង្សានុ​វង្ស យកមកអភិវឌ្ឍន៍ គម្រោង​របស់ខ្លួន​ឱ្យក្លាយជា​​តំបន់​វិស្សមកាលឆ្នេរសមុទ្រ លំដាប់ពិភព​លោក និងកែប្រែកន្លែងនេះអោយ​ក្លាយជាគោល​ដៅ​ទេសចរ​ណ៍ ដ៏​ពេញ​និយម នៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បច្ចុប្បន្ន មានដីបម្រុងជាង៨០០​ហិកតា នៅកម្ពុជា ស្មើ​នឹង​គម្រោងអភិវឌ្ឍន៍សរុបជាង១០លាន ម៉ែត្រការ៉េ ។ ក្រៅពីទីក្រុងភ្នំពេញ ក្រុមហ៊ុនមួយនេះ​កំពុង​ពង្រីក​គម្រោងអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់ខេត្តក្រុង សំខាន់ៗដូចជា ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds