បុរស៦នាក់ ប្រឈមមុខនឹងទោសប្រហារជីវិត ពីបទរំលោភសម្លាប់ក្មេងស្រីអាយុ៨ឆ្នាំម្នាក់
បុរសឥណ្ឌា៦នាក់ ត្រូវបានតុលាការរកឃើញថាពិតជាមានទោសឧក្រិដ្ឋពីបទប្រព្រឹត្តទង្វើដ៏មហា សាហាវយង់ឃ្នងដោយរំលោភសម្លាប់ក្មេងស្រី អាយុ៨ឆ្នាំម្នាក់កាលពីឆ្នាំ២០១៨។ នេះបើតាមរដ្ឋអាជ្ញាឥណ្ឌា លោក Mubeen Farooqui ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ក្នុងទីក្រុង Pathankot នៃរដ្ឋ Punjab នៅថ្ងៃចន្ទនេះ លោក Mubeen Farooqui បានបញ្ជាក់ទៀតថា បុរសទាំង៦ខាងលើនឹងត្រូវបានផ្ដន្ទាទោសនៅពេលក្រោយ ហើយ ក្នុងចំណោមពួកគេ មានអ្នកខ្លះអាចនឹងប្រឈមមុខជាប់ទោសប្រហារជីវិត និងខ្លះទៀតអាចជាប់ពន្ធនាគារ អស់មួយជីវិត។
គួររំលឹកថា កាលពីខែមករា ឆ្នាំ២០១៨ ក្មេងស្រីម្នាក់អាយុ៨ឆ្នាំ ត្រូវបានគេចាប់ពង្រត់ចេញពីភូមិមួយស្ថិតនៅ ក្នុងស្រុក Kathua នៃរដ្ឋ Jammu ភាគខាងជើងប្រទេសឥណ្ឌា។ ដោយឡែក បើតាមអាជ្ញាធរឥណ្ឌា ក្មេងស្រី រូបនេះត្រូវបានគេឃុំខ្លួនក្នុងប្រាសាទហិណ្ឌូមួយកន្លែងអស់រយៈពេល៥ថ្ងៃ ដែលជាពេលមួយដ៏សោកសៅ ដោយរូបនាងត្រូវគេរំលោភ និងវាយដុំរហូតដល់ស្លាប់។ អំពើដ៏សាហាវនេះក៏បានបង្កឱ្យមានភាពរំជើបរំជួល និងបាតុកម្មតវ៉ាស្ទើតែទូទាំងប្រទេសឥណ្ឌាផងដែរ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ