ព័ត៌មានលំអិត ៖ មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួង សម្លាប់ខ្លួន
(ភ្នំពេញ)៖ មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងជាន់ទី៤ សម្លាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះ ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានអោយដឹងថា ជនរងគ្រោះឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ ឆ្នាំ មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន ធ្វើកោសល្យវិច័យលើ សាកសព បញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយលោកមានជំងឺប្រចាំកាយ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថាលោក អោម សេងហួរ ជាមន្ត្រី មានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព។
ទោះជាយ៉ាងណា ករណីលោកពីលើអគារក្រសួងបរិស្ថាន សម្លាប់ខ្លួននេះ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្បែរកន្លែងកើតហេតុនោះទេ៕
អត្ថបទ៖ សុខ លាភ