លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជួបសំណេះសំណាលជាមួយកងវិស្វកម្មលេខ៩៦៣ ដែលបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋលីបង់

 

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាតំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកងវិស្វកម្ម លេខ៩៦៣ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋលីបង់ ។

ពិធីនេះធ្វើឡើង នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន តំណាងអង្គការសហប្រជាជាតិ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងអ្នកសារព័ត៌មាន ជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា ក្នុងរយៈពេលជាង១២ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេង ជាបន្តបន្ទាប់ស្នាដៃ ធំៗមួយចំនួនដូចជា ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះការស្ថាបនាសំណង់ផ្តេក-សំណង់បញ្ឈរ ពិសេសការជីកអណ្តូងទឹកស្អាត ដោយ កម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប រៀងរាល់ត្រីមាសនៃការបញ្ជូនកងទ័ពមួកខៀវ កាលពីខែសីហា ឆ្នាំ២០១៨ កម្ពុជាទទួលបានលំដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់ តំបន់បេសកកម្ម ។

សូមជម្រាបថា តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេសមានចំនួន ៥,៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។


ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មតាមរយៈអង្គការសហប្រជាជាតិ បើទោះបីជាកម្លាំងមួកខៀវកម្ពុជាមួយចំនួន បានពលីជីវិត ក្នុងអំឡុងពេលពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយ ៕

អត្ថបទ ៖រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds