តុលាការបារាំង ទទួលយកពាក្យបណ្តឹងរបស់រដ្ឋាភិបាលខ្មែរ ដែលប្តឹងលោក សម រង្ស៊ី ដែរឬទេ ?
ខណៈក្រុមការងារអ្នកច្បាប់រដ្ឋាភិបាល កំពុងសិក្សាលើករណីបណ្តឹងជាលក្ខណៈអន្តរជាតិ គ្រោងលោក សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ចំនួន ២ករណីផ្សេងគ្នា ដោយសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ជាសកល។
ករណីបណ្តឹងទាំង ២ទៅកាន់តុលាការបារាំងនោះ គឺទី ១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ប្តឹងលោក សម រង្ស៊ី ដែលបានចោទប្រកាន់លោក ថាបានរៀបចំផែនការ ដាក់គ្រាប់បែកលើឧទ្ធម្ភាគចក្រ ដើម្បីសម្លាប់លោក ហុក ឡង់ឌី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០០៨។ ចំណែកបណ្តឹងទី ២ គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង កំពុងសិក្សាប្តឹងលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fast News តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី៨ ខែមិថុនា នេះ លោកមេធាវី សុខ សំអឿន មកពីក្រុមមេធាវីអម្រិន្ទ បានអោយដឹងថា បើតាមយុត្តិកាសកលរបស់តុលាការបារាំង គេនឹងទទួលយកពាក្យបណ្តឹងរបស់រដ្ឋាភិបាលខ្មែរ ព្រោះថាលោកសម រង្ស៊ី ក៏មានសញ្ជាតិបារាំង ហើយសំណុំរឿងនេះ នឹងធ្វើឡើងក្នុងប្រទេសបារាំង។
សូមជម្រាប់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី អះអាងថា លោកនាយករដ្ឋមន្ត្រី គឺជាឃាតករសម្លាប់លោក ហុង ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះ ក្នុងឧទ្ធម្ភាគចក្រ នៅពេលដែលកំពុងតែហោះហើរ លើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨៕
អត្ថបទ៖ សុខ លាភ