ក្មួយប្រុសសម្តេចតេជោហ៊ុន សែន ជំរុញសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនថៅកែក្លឹបកម្សាន្ត “លុច្សសារី”

ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោហ៊ុន សែន បានជំរុញ​និងលើក​ទឹក​សម​ត្ថកិច្ច​ឲ្យស្រាវជ្រាវរកមុខម្ចាស់ក្លឹបកម្សាន្ត “លុច្សសារី” ដើម្បីមកផ្តន្ទាទោសតាមច្បាប់។​ ការប្រកាស​បែប​នេះ​ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងដកហូតថ្នាំញៀននៅក្នុងក្លឹបកម្សាន្ត មួយនេះ។

ឯកឧត្តមហ៊ុនជា បានបង្ហោះសារតាមគណនីហ្វេសប៊ុក “HC ហ៊ុន ជា ដើម្បីខ្មែរ” ថា “Good morning Cambodia  ប្រាប់ហើយថាកុំអាងអរគុណបងសំលាញ់ រកមេវាអោយឃើញ ហើយចាប់អោយបានបង (ភ្លៀងទៀតហើយ បាទ)”។

គួរបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត កាល​​ពី​វេលាម៉ោងប្រមាណ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩  បានបើក​ប្រតិបត្តិការ​ចុះឆែកឆេរក្លឹបកម្សាន្ត “លុច្សសារី” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស​ស្រីប្រមាណ​៤០០​នាក់ ភាគច្រើន ជនជាតិចិន និងវៀតណាម រួមជាមួយថ្នាំញៀនមួយចំនួនផងដែរ។​ បន្ទាប់ពីធ្វើ​ការ​ឆែកឆេររួចរាល់ សមត្ថកិច្ចបានបិទក្លឹបកម្សាន្តនេះជាបណ្តោះអាសន្ន។ ចំណែកមនុស្ស​ត្រូវបាន​សមត្ថកិច្ច​ដាក់ឡានមកកាន់ស្នងការរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា នេះជាក្លឹបកម្សាន្តទី២ហើយ បន្ទាប់ពីក្លឹបកម្សាន្តរ៉ុក ដែលត្រូវបានលោកស ថេត ស្នងការ​រាជ​ធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាប ដកហួតថ្នាំញៀនជាច្រើនគីឡូ និងបិទក្លឹបចោលតែម្តង ៕

អត្ថបទ ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds