លោក យ៉ែម បុញ្ញាឬទ្ធិ ដើម្បីរក្សាEBA ត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌សង្គម ការដោះលែងលោក កឹម សុខា
ក្ដីសង្ឃឹមលេី កិច្ចសហប្រតិបត្តការអន្តរជាតិល្អ រក្សាផលចំណេញពី EBA GSP ស្តារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌សង្គម ការដោះលែងលោក កឹម សុខា ។ល។ គឺដេីម្បីផ្សះផ្សាជាតិ ឯកភាពជាតិ ខ្មែររក្សាបាននូវស្ថិរភាព អភិវឌ្ឍន៍ ពង្រឹងកម្លាំងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់លោក យ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនាំពាក្យអតីតគណបក្សប្រឆាំងនៅកម្ពុជា ។
ការថ្លែងបែបនេះ បន្ទាប់ពីប្រតិភូសហភាពអឺរ៉ុបបានធ្វើដំណើរទស្សនកិច្ចរបស់ខ្លួនកាលពីថ្ងៃទី៣ មិថុនា ក្នុងគោលបំណងស្វែងរកការពិតមួយ បន្ទាប់ពីប្រទេសនេះបានចាប់ផ្ដើមដំណើរការ ដែលនឹងឈានទៅដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះ។
លោកថា ពលរដ្ឋខ្មែររំពឹងទុក ថាពិតជាអាចមានដំណោះស្រាយជាវិជ្ជមានជាក់ជាពុំខាន ពីព្រោះខាងភាគីសហភាពអឺរ៉ុប បានបញ្ជាក់ពីគោលបំណងនៃបេសកកម្ម ក្នុងគោលដៅសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារមិនឱ្យកម្ពុជាបាត់បង់ EBA ដើម្បីជាគុណប្រយោជន៍រួមរបស់កម្ពុជា និងសហភាពអឺរ៉ុប។ ខាងភាគីកម្ពុជាក៏បានបញ្ជាក់អំពីស្ថានភាពកម្ពុជា និងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍនេះ ឱ្យទទួលបានជាបន្តទៀតនូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីសហភាពអឺរ៉ុប។ កម្ពុជានឹងព្យាយាមការពារ EBA មិនឲ្យបាត់បង់ទេ។
លោកថា ការពិនិត្យ និងស្វែងរកការពិតនៃការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងគ្រឿងសព្វាអាវុធ (EBA) នេះ គណ:ប្រតិភូសហភាពអឺរ៉ុបក្នុងដំណាក់កាលទី១ រយ:ពេល៦ខែ (១៣កុម្ភ:២០១៩-១២សីហា២០១៩) និងបានមកបំពេញបេសកកម្មជាលេីកទី២ នៅប្រទេសកម្ពុជា នាដេីមខែមិថុនា ២០១៩ នេះ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយតំណាងរាជរដ្ឋាភិបាលនៃក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ៕
អត្ថបទ៖ សុខ លាភ