រឿងហូបនំបញ្ចុក ៖ អធិការរងស្រុកកោះសូទិន មិនមានការហាមឃាត់អ្នកហូបនំបញ្ចុកនោះទេ
បន្ទាប់ពីអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាម អះអាងថា អាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិមានគ្នាប្រមាណ ៦នាក់ចុះមកហាមឃាត់មិនឱ្យអោយពួកគាត់ជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬជូនដំណឹងទៅអាជ្ញាធរជាមុន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធ បានឆ្លើយតបទៅហ្នឹងការចោទប្រកាន់ខាងលើ នៅក្នុងហ្វេសបុករបស់លោក នៅយប់ថ្ងៃទី៦ មិថុនានេះថា ការបំភ្លឺលើពាក្យបំប៉ោងដែលថាមានការឃាត់មិនអោយហូបនំបញ្ចុកព្រោះមិនបានសុំច្បាប់ – អធិការរងស្រុកកោះសូទិនបានឆ្លើយបំភ្លឺនៅវិទ្យុអាចារ្យអេ ហើយក្នុងករណីអ្នកបរិភោគនំបញ្ចុកដែលគេបង្ហោះនោះ ថាគ្រាន់ទៅមើលដោយឆ្ងល់ នឹងមនុស្សទៅផ្ទះនោះច្រើនម្ល៉េះ បានជាប៉ូលិសប៉ុស្តទៅសួរ ហើយក៏មិនមានហាមឃាត់អ្វីដែរ។
ជាមួយគ្នានេះដែរលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹង បើមានការហាមឃាត់នៃការហូបនំបញ្ចុកមែន គឺជាការគាបសង្កត់សិទ្ធិរបស់ពលរដ្ឋ ដែលយើងមិនអាចទទួលយកបាន ដោយគ្រាន់តែប្រជាពលរដ្ឋហូបនំបញ្ចុកក៏សុំច្បាប់ដែរនោះ វាជាការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ នឹងជាការគាបសង្កត់តាមមូលដ្ឋាន ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមានចែងជាធរមាន។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវបន្ថែមទៀតនៅថ្ងៃនេះ ទៅកាន់អ្នកគាំទ្របក្សកាន់អំណាចរបស់លោក ឲ្យរៀបចំកម្មវិធីហូបនំបញ្ចុកទូទាំងប្រទេសនៅចុងសប្ដាហ៍នេះ ដោយលោកហៅថាជា ការហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិជាដើម។
ការណែនាំនេះ កើតឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយចោលទៅហើយនោះ ក៏គ្រោងរៀបចំពិធីដូចគ្នានេះនៅក្នុងថ្ងៃតែមួយជាមួយគ្នាផងដែរ៕