លោក ពេជ្រ ស្រស់ ៖ ការហាមឃាត់មិនឲ្យពលរដ្ឋហូបនំបញ្ចុកនៅស្រុកកោះសូទិនពីអាជ្ញាធរ គឺជាការរឹតត្បិតសិទ្ធិ នឹងរំលោភសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ
(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរស្រុកកោះសូទិន ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យហូបនំបញ្ចុកដោយសារមិនបានសុំច្បាប់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រតិកម្មចំពោះការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរ។
ថ្លែងប្រាប់សារព័ត៌មាន Fast News តាមទូរសព្ទ័នៅរសៀលថ្ងៃទី៦ ខែមិថុនា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹង ជុំវិញការហាមឃាត់នៃការហូបនំបញ្ចុក គឺជាការគាបសង្កត់សិទ្ធិរបស់ពលរដ្ឋ ដែលយើងមិនអាចទទួលយកបាន ដោយគ្រាន់តែប្រជាពលរដ្ឋហូបនំបញ្ចុកក៏សុំច្បាប់ដែរនោះ វាជាការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ នឹងជាការគាបសង្កត់តាមមូលដ្ឋាន ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមានចែងជាធរមាន។
លោក បន្ថែមថា សូម្បីតែគណបក្សកាន់អំណាច ក៏គេមានកម្មវិធីជុំគ្នាដែរពិសារនំបញ្ចុកដែរ អញ្ចឹងត្រូវបើកឲ្យទូលាយនៃការហូបនំបញ្ចុក សំខាន់គឺយើងមើលថា តើការប្រមូលផ្ដុំនោះជាការធ្វើអំពើខុសច្បាប់ឬទេ? អាហ្នឹងចាំមានវិធានការផ្លូវច្បាប់ទៅលើពួកគាត់ តែការហូបនំបញ្ចុកនោះ គឺគ្រាន់តែជាការជួបជុំវាមិនមានអ្វីខុសច្បាប់នោះទេ៕
អត្ថបទ៖ សុខ លាភ