Honda មាន​ពេល ៣​ថ្ងៃ​បង្ហាត់​ក្រុម U23 កម្ពុជា​មុន​ប៉ះ​អូស្ត្រាលី​ស្អែក​នេះ

បាល់ទាត់៖ បន្ទាប់ពី​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​សម្រុក​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​យុវជន U23 កម្ពុជាយ៉ាង​យក​ចិត្ត​ទុកដាក់ ពោល​គឺ​លោក​មាន​ពេល​ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះក្នុង​ការ​ដឹកនាំ​ក្រុម​គោព្រៃ​ជំទង់ មុន​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិទទួល​ក្រុម​ជម្រើស​ជាតិ U23 អូស្ត្រាលី បើកឆាក​ការប្រកួត​ជម្រុះ​ពូ​ល H នៃ​ពានរង្វាន់ AFC U23 Championship 2020 នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​ស្អែក​នេះ។

សមាជិក​ក្លឹប​លី​គ​កំពូល​អូស្ត្រាលី Melbourne Victory រូប​នេះ បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ហើយ​ល្ងាច​ថ្ងៃ​ដដែលលោក​បាន​ចាប់ផ្ដើម​បង្ហាត់​ក្រុម​យុវជន U23 កម្ពុជា​តែម្ដង ជាក់ស្ដែង​កាលពី​ម្សិលមិញ​លោក​បាន​ដឹកនាំ​ការ​ហ្វឹក​ហាត់ ​រួម​ជាមួយ​លោក Felix ជា​គ្រូ​បង្វឹក​នៅ​លើ​ទីលាន AUPP ដើម្បី​ពង្រឹង​សមត្ថភាព​កូន​ក្រុម ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ មុន​ធ្វើការ​ហ្វឹកហាត់​ផ្លូវការនៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​ល្ងាច​នេះ​។​ ជាមួយ​នឹង​ការ​មក​ដឹកនាំ​ក្រុម U23 កម្ពុជា​ផ្ទាល់​លើក​នេះ Honda មិន​ត្រឹមតែ​ចង់​ជួយ​កម្ពុជាបាន​ឡើង​វគ្គ​បន្តនៃ​ពាន AFC U23 Championship 2020 នោះ​ទេ ពោល​គឺ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ ក៏​មាន​មហិច្ឆតាចង់​ជួយ​ឲ្យ​កម្ពុជាមានឱកាស​ ក្នុង​ការ​ស្វែងរក​កៅអី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន តាមរយៈ​ការប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន ​ប្រចាំ​ទ្វីប​អាស៊ី​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​

គួរ​បញ្ជាក់​ថា ចំពោះ​កា​រប​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC U23 Championship 2020 ប្រចាំ​ពូ​ល H ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង​ៗ ដូចជា​ត្រូវ​ជួប​ក្រុម U23 អូស្ត្រាលី​បើក​ឆាក​នា​ថ្ងៃ​ទី​២២​មីនា​, ​ជួប​ក្រុម U23 កូរ៉េខាងត្បូង​​ថ្ងៃ​ទី​២៤​មីនា និង​ចុង​ក្រោយ​ជួប​ក្រុម​យុវជន U23 ឆាយ​នី​ស​តៃប៉ិ​នា​ថ្ងៃ​ទី​២៦​មីនា ឆ្នាំ​២០១៩​។ ចំពោះ​លោក Honda ក្រោយ​ចប់​បេសកកម្ម​ដឹកនាំ​ក្រុម 23 កម្ពុជា ១​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​គេ​នឹង​ត្រឡប់​ទៅ​ជួយ​ក្លឹប Melbourne Victory វិញ៕

ប្រភព ៖ BTV

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds