លោកហ៊ុន សែន ថា គ្មានការចរចានយោបាយទេ ទោះបីហូបនំបញ្ចុកសាមគ្គីជាតិក្ដី
ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្មានការចរចានយោបាយណាមួយកើតឡើងនោះឡើយ បើទោះបីជាលោកបានអំពាវនាវឲ្យមានកម្មវិធីហូបនំបញ្ចុកទ្រង់ទ្រាយធំ ដែលលោកហៅថា «នំបញ្ចុកសាមគ្គីជាតិ» ក៏ដោយ។
លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀតដល់សមាជិកប្រជាជនកម្ពុជា ព្រមទាំងពលរដ្ឋទូទៅ ឱ្យចូលរួមការហូបនំបញ្ចុកសាមគ្គីជាតិនៅថ្ងៃទី៩ ខែមិថុនា ចុងសប្ដាហ៍នេះ។ ព្រឹត្តិការណ៍បរិភោគនំបញ្ចុកសាមគ្គីជាតិដ៏ធំនេះ នឹងធ្វើឡើងដោយគ្មានការប្រកាន់បក្សនយោបាយ ហើយបញ្ឈប់ការលាបពណ៌គ្នា ប៉ុន្តែ លោកបដិសេធការចរចានយោបាយណាមួយនៅក្រោយការហូបនំបញ្ចុកសាមគ្គីជាតិនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែ កុំយកបញ្ហាដែលខ្ញុំនិយាយនេះ ទៅធ្វើការវិភាគអ្វីផ្សេងក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយស្អីៗ។ សូមៗកុំមានការភាន់ច្រឡំ! ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិតាមរយៈនៃការទទួលទាននំបញ្ចុកថ្ងៃ៩ មិថុនា នេះតែម្តង»៕