ឃាត់ខ្លួនបុរសម្នាក់ចេញសែកស្អុយ ទឹកប្រាក់ទំហំជិត៦ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យ១នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីចេញសែកគ្មានទឹកប្រាក់(សែកស្អុយ) នៅចំណុចក្នុងក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត(ក្រុមហ៊ុនលាយបេតុង)ផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦៖០០នាទី។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនានេះ ។
ជនសង្ស័យឈ្មោះ សរ ចាន់ដារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ២៦សេ១ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណេកជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងកំឡុងខែធ្នូឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាច់ប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន៥៥.៦៥៥ដុល្លារ ។ ក្រោយមកជនសង្ស័យបានចេញសែកធានាគារ ABA ចំនួន០២សន្លឹក ឲ្យទៅក្រុមហ៊ុន ។ លុះដល់ថ្ងៃកំណត់ ភាគីក្រុមហ៊ុនបានយកសែកទៅបើកប្រាក់នៅធានគារABA តែត្រូវបុគ្គលិកធានាគារប្រាប់មកជនរងគ្រោះវិញថា សែកទាំងពីរសន្លឹកនេះពុំមានសាច់ប្រាក់នៅក្នុងកុងធានាគារទេ ។
បន្ទាប់មកជនរងគ្រោះធ្វើការទំនាក់ទំនង់ទៅជនសង្ស័យ តែទំនាក់ទំនងមិនបាន លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានមកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដោយពុំមានប្រាក់ទូទាត់ឲ្យក្រុមហ៊ុន ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕