លោក ប្រាយុទ្ធ ទទួលបានការគាំទ្រពីសភាបន្តគ្រងតំណែងនាយករដ្ឋមន្ត្រីរបស់ថៃ
(បាងកក, ថៃ)៖ បន្ទាប់ពីមានចម្រូងចម្រាស់ជាច្រើនទីបំផុតទៅរដ្ឋសភារបស់ថៃ បានសម្រេចបោះឆ្នោតផ្តល់ការគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រីរបស់ថៃ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាយុទ្ធ បន្តធ្វើជានាយករដ្ឋមន្ត្រីថៃនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។
យោងតាមបណ្តាញព័ត៌មានរបស់ថៃ បានឱ្យដឹងថា លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ៥០០សំឡេង ពីសមាជិកសរុប ៧៥០សំឡេង ខណៈដៃគូប្រជែងតំណែងនាយករដ្ឋមន្ត្រីរបស់លោក គឺលោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រត្រឹមតែ ២៤៤ប៉ុណ្ណោះ។
បើតាមបណ្តាញព័ត៌មានថៃ បានបញ្ជាក់ទៀតថា លោក ប្រាយុទ្ធ ត្រូវបានរំពឹងថា នឹងចូលដឹកនាំរាជរដ្ឋាភិបាលថៃអាណត្តិថ្មីនៅចុងខែនេះ។ សូមបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងមកដឹកនាំប្រទេសថៃដោយការប្រើអំណាចយោធាកាលពីឆ្នាំ២០១៤ នៅចំពេលប្រទេសមានជម្លោះនយោបាយ។
ទើបតែនៅខែមីនា កន្លងទៅនេះ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមព្រៀងឱ្យមានការរៀបចំបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី៕