មេប៉ូលីស បញ្ជាឲ្យស្នងការរាជធានី-ខេត្ត តាមចាប់ខ្លួនបុរសម្នាក់ ដែលដើរបោកប្រាក់គេដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវស្រាវជ្រាវជាបន្ទាន់ និងចាប់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពដើរបោកប្រាក់ប្រជាពលរដ្ឋ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមិនបាច់ឆ្លងកាត់ការប្រឡងជ្រើសរើសនោះឡើយ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយនៅព្រឹកថ្ងៃទី៦ មិថុនា នេះ។
មន្ដ្រីនគរបាលជាតិខ្ពស់រូបនេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ អគ្គស្នងការ បានដាក់បទបញ្ជាឲ្យស្នងការរាជធានី-ខេត្ត ដែលបង្ហោះតាមបណ្ដាញសង្គមថា រើសក្របខ័ណ្ឌចូលប៉ូលីសយកលុយ។ ឥលូវខាងបុគ្គលិកត្រួតពិនិត្យទៅឈ្មោះនេះ មិនមានក្នុងក្របខ័ណ្ឌប៉ូលីសនោះទេ ដូច្នេះគ្រប់ស្នងការទាំងអស់ត្រូវស្រាវជ្រាវរក ហើយឃាត់ខ្លួនជាបន្ទាន់»។
យ៉ាងណាក៏ដោយ បុគ្គលដែល អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យស្រាវជ្រាវ និងចាប់ខ្លួនជាបន្ទាន់នោះ មានឈ្មោះ ឆាយ ឆដា និងប្រើប្រាស់គណនី Facebook ឈ្មោះ «Chhay Chorda»៕