គុនខ្មែរ៤រូប ត្រូវ​ប្រជែង​គ្នាដណ្ដើម​កៅអី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ TV5 Boxing

ភ្នំពេញ​: អ្នក​ប្រដាល់៤រូប ចុងក្រោយ ត្រូវ​ប្រជែង​គ្នាដណ្ដើម​កៅអី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នឹង​បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៅ​យប់​ថ្ងៃទី​៨ មិថុនា ខាងមុខ​នេះហើយ ។​

អ្នកប្រដាល់សូត្រ វាសនា របស់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់ ជី ឆៃលី សមាគម​ប្រដាល់ ក្រសួងការពារជាតិ ។​ ចំណែកលី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។

​សូត្រ វាសនា ទោះបី​មុខ​គេមិនសូវ​រឹងមែន តែ​ជង្គង់ និង​កែង​របស់គេមិនធម្មតា​នោះទេ តែ​អ្នក​ប្រដាល់​រូបនេះ ឆាប់​ស្រុត​កម្លាំង​បន្តិច ។  វាសនា ច្រើនតែ​ប្រើ​ជង្គង់ផ្ដួល​គូប្រកួត ឲ្យ​ចុះចាញ់មុន​ទឹក​ទី​៥។​

​ចំពោះ ឆៃលី​វិញ ទោះបី​កំពស់​របស់គេ ចាញ់​ប្រៀប​វាសនាមែន តែ​គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ និង​ទាត់​បានល្អ​ណាស់ កែង​និង​ជង្គង់​របស់គេ ក៏​មិន​ស្រួល​ទប់ទល់​ដែរ​។ ឆៃលី ចូលចិត្ត​វ៉ៃ​ប្ដូរ ។​

​ប្រកួត​នៅ​ជុំ​ទី​១ វាសនា ផ្ដួល សយ សី ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ នៅ​ជុំ​ទី​២ ឈ្នះ​អ្នក​ប្រដាល់ ឬ​ទ្ធី សាស្ត្រា​វុ​ធ ដោយ​ពិន្ទុ ។ ចំពោះ ឆៃលី វិញ នៅ​ជុំ​ទី​១ គេ​ឈ្នះ សល់ ស្រស់ នៅ​ទឹក​ទី​៣ និង​ជុំ​ទី​២ ឈ្នះ អេ អាំ​ម៉ា​រី​ន ភូ​ថង ដោយ​ពិន្ទុ​។ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?​។​

​ចំណែកលី តក់ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់ ផាន់ សុផាត ដើម្បី​ប្រជែង​យក​កៅអី សម្រាប់​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ដែរ​។ លី តក់ ជា​អ្នកខ្លាំង និង​ចិត្តធំ រីឯ​ផាន់ សុផាត​វិញ កណ្ដាប់ដៃ​របស់គេ ធ្ងន់​ណាស់ ។ នៅ​ជុំ​ទី​១ លី តក់​ផ្ដួល ខ្លើ​យ ណាន នៅ​ទឹក​ទី​៣ ហើយ​នៅ​ជុំ​ទី​២ ឈ្នះ សេក សារ៉ាន់ ដោយ​ពិន្ទុ ។ ចំពោះ សុផាត​វិញ នៅ​ជុំ​ទី​១ គេ​ផ្ដួល សំរាំង ភក្ដី នៅ​ទឹក​ទី​១ និង​ជុំ​ទី​២ ផ្ដួល​អ្នក​ប្រដាល់ អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា នៅ​ទឹក​ទី​២ ។​

​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តើ​ធ្លាក់​ទៅលើ​កណ្ដាប់ដៃ អ្នក​ប្រដាល់ លី តក់ ឬ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ ផាន់ សុផាត ?៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds