អ្នកវិភាគ៖ នំបញ្ចុកសាមគ្គីជាតិ នឹងមិនអាចកើតឡើងបានឡើយ បើភាគីម្ខាងនៅតែរងការធ្វើទុក្ខបុកម្នេញ

ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញាលី ស្រីស្រស់ អះអាងថា ការហូបនំបញ្ចុក​ផ្សះផ្សាជាតិ​ នឹងមិនអាច​កើត​ឡើង​បានឡើយ ប្រសិនបើក្រុមមួយហូបដោយសប្បាយចិត្តគ្មានការសួរនាំ ខណៈក្រុមម្ខាង​ទៀតត្រូវ​បាន​អាជ្ញាធរសួរនាំគ្រប់ពេលទទួលទាននោះ។

កញ្ញាបន្តថា ការផ្សះផ្សាជាតិវាមិនមែនអាស្រ័យលើការហូបនំបញ្ចុកនោះទេ តែការសាមគ្គីជាតិ​ឬការផ្សះ​ផ្សាជាតិត្រូវការឆន្ទៈ និងកាយវិការអាធ្យាស្រ័យគ្នាពិតប្រាកដរវាងអ្នកនយោបាយនឹងអ្នកនយោបាយ។ ប្រ​​សិនបើអ្នកនយោបាយខ្មែរនៅតែកាន់គំនិត និង ចរិតចង់ចាញ់ឈ្នះគ្នាឥតឈប់ឈរ ដូចពេលកន្លង​មកទៀត ខ្លាចតែសូម្បីនំបញ្ចុកក៏គ្មានហូបផងនៅថ្ងៃខាងមុខ។


ការលើកឡើងនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បានប្រកាស​ជាផ្លូវការ​ឱ្យក្រុម​ម​ន្ត្រី​​ថ្នាក់​ក្រោមរបស់ខ្លួននាំគ្នាបរិភោគនំបញ្ចុកដែលលោកឱ្យឈ្មោះថា នំបញ្ចុកសាមគ្គី​ជាតិ​ខ្មែរដើម្បី​ឌឺ​​ដង​ទៅក្រុមលោកសម រង្ស៊ី។ លោកថា ការហូបនំបញ្ចុកជាទ្រង់ទ្រាយធំនឹងធ្វើឡើងនៅថ្ងៃទី៩ មិថុនា។


ចំណែកអតីតប្រធានគណបក្សប្រឆាំងលោកសម រង្ស៊ី​ ក៏បានប្រកាស​ដែរដោយស្នើឱ្យពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅក្នុងប្រទេសកម្ពុជានាំគ្នាពិសារនំបញ្ចុកជាមួយគ្នានៅថ្ងៃអាទិត្យទី៩ខែមិថុនា ដែលលោកហៅ​ថា​ជាទិវានំបញ្ចុកសាមគ្គី។ លោកបន្តថា ការពិសារនំបញ្ចុកនេះ​នឹងធ្វើឡើងដោយរីក​រាយគ្មាន​ការភ័យ​ខ្លាច​អ្វីទាំងអស់។ លោកក៏បានណែនាំពលរដ្ឋបែបឌឺដងទៅលោកហ៊ុន សែនដែរថា ឱ្យអញ្ជើញអ្នក​ជិតខាង​មកទទួលទាននំបញ្ចុកនេះជាមួយគ្នា ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញ​ទៅដោយ​ចិត្តរីករាយក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ៕

-2:15
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds