នាយកApple អះអាងថា Apple មិនអាចក្លាយជាផ្ទាំងស៊ីបនៃសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងអាមេរិកនោះឡើយ
(វ៉ាស៊ីនតោន)៖ យោងតាមការចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅបានអោយដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរក Apple គឺលោក ធីម ឃុក (Tim Cook) បានបញ្ជាក់ថា ចិនពុំបានដាក់គោលដៅវាយប្រហារមកលើក្រុមហ៊ុនរបស់លោក ដោយសារតែបញ្ហាជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនឡើយ។
លោកថា «មកទល់ពេលនេះ គឺគ្មានការដាក់គោលដៅវាយប្រហារណាមួយ ពីសំណាក់ទីក្រុងប៉េកាំងឡើយ ហើយខ្ញុំក៏មិនជឿថាវានឹងកើតនាពេលខាងមុខនោះដែរ បើនិយាយឲ្យត្រង់ទៅ»។ លោក Cook បានបញ្ជាក់បែបនេះបន្ទាប់ត្រូវចោទគេសួរថា តើក្រុមហ៊ុន Apple បានក្លាយជាមុខព្រួញវាយប្រហារ នៅក្នុងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនដែរ ឬយ៉ាងណា។
ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលអាមេរិកចាត់ទុកជាការគំរាមកំហែងមួយ ដល់សន្តិសុខជាតិរបស់ខ្លួនមានការសង្ស័យថា ចិនអាចនឹងសងសឹកអាមេរិកតាមរយៈការ ហាមនាំចូលផលិតផលរបស់ Apple ជាពិសេសគឺ iPhone ដែលបើតាមការវិភាគ គឺនឹងអាចធ្វើឲ្យក្រុមហ៊ុន Apple បាត់បង់ប្រាក់ចំណេញស្ទើរ ៣០ភាគរយ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) បានថ្លែងថា លោកនឹងជាបុគ្គលដំបូងគេ ដែលចេញមុខជំទាស់ ប្រសិនបើទីក្រុងប៉េកាំងសងសឹកអាមេរិក តាមរយៈការចេញបម្រាមលើផលិតផលរបស់ក្រុមហ៊ុន Apple ព្រោះបិតាស្ថាបនិក Huawei បានចាត់ទុកក្រុមហ៊ុន Apple ជាគ្រូរបស់លោក ដែលក្រុមហ៊ុន Huawei បានរៀនសូត្រច្រើនពីភាពជោគជ័យរបស់ Apple នាប៉ុន្មានទសវត្សរ៍មកនេះ៕
អត្ថបទ៖ សុខ លាភ