ស្វីស ប្រកាសបន្តផ្តល់ជំនួយ៦លានដុល្លាអាមេរិក ដល់អាជ្ញាធរកម្ចាត់មីនកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការប្រចាំនៅកម្ពុជា បានប្រកាសបន្តផ្តល់ជំនួយ៦លានដុល្លាអាមេរិក ដល់អាជ្ញាធរកម្ចាត់មីនកម្ពុជា ស្របតាមគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
ការប្រកាសនៅក្នុងជំនូបជាមួយលោកស្រី ខារីន សាល័រណូ នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការប្រចាំនៅកម្ពុជា ជាមួយលោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) នៅរសៀលថ្ងៃទី០៤ ខែមិថុនានេះ ។
លោក លី ធុជ បានអោយដឹងថា រដ្ឋាភិបាលស្វីសបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យជាច្រើន ប៉ុន្តែសម្រាប់វិស័យមីនរដ្ឋាភិបាលស្វីស បានជួយដល់កម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយគិតមកដល់ឆ្នាំ២០១៩នេះស្វីសបានជួយដល់ការងារបោសសំអាតបានជាង៣០គីឡូម៉ែត្រក្រឡាក្នុងទំហំទឹកប្រាក់ប្រមាណជាង៧លាន២សែនដុល្លា។
លោកបន្តថា មូលហេតុដែលរដ្ឋាភិបាលស្វីស សម្រេចផ្តល់ថវិកាបន្ថែមលើវិស័យមីននៅពេលនេះ ដោយសារតែស្វីសមើលឃើញ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ចំពោះការបោសសំអាតមីនអោយអស់នៅឆ្នាំ២០២៥ ម្យ៉ាងវិញទៀតដោយសារតែការចាត់ចែងថវិកា មានតម្លាភាព គណនីយភាព ជាពិសេសភាគីស្វីសមើលឃើញថា អាជ្ញារមីនក៏មានផែនយុទ្ធសាស្ត្រច្បាស់លាស់ផងដែរ ។
ឯកឧត្តមបន្ថែមថា ស្វីស ជាប្រទេសមួយក្នុងចំណោម១១ប្រទេសផ្សេងទៀតដែលបានបន្តផ្តល់ជំនួយលើវិស័យបោសសំអាតមីននៅកម្ពុជា។ នៅដើមឆ្នាំ២០១៩នេះមានប្រទេសជាច្រើនទៀតដូចជា អង់គ្លេស អាឡឺម៉ង់ អាមេរិក ចិន និងអៀកឡង់ជាដើម បានសន្យាបន្តជួយដល់កម្ពុជាលើវិស័យសំខាន់មួយនេះ ។
ដើម្បីសម្រេចបានគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ កម្ពុជាត្រូវការថវិកាប្រមាណជាង៤០០លានដុល្លាដែលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាផ្ទាល់ប្រមាណជាង១៦០លានដុល្លា និងថវិកាមួយចំនួនទៀតគឺទទួលបានពីប្រទេសជាមិត្តដែលផ្តល់ជំនួយ។
ចាប់ពីឆ្នាំ១៩៧៩មកផ្ទៃដីដែលមានបង្កប់គ្រាប់មីនចំនួន៥៥ភាគរយក្នុងនោះផ្ទៃដីទំហំប្រមាណ៨៨០គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាត។ កម្ពុជានៅមានគ្រាប់មីន និងសំណល់គ្រឿងផ្ទុះដែលបន្សល់ពី សង្គ្រាមនៅកម្ពុជា និងដោយការទម្លាក់គ្រាប់បែករបស់អាមេរិកពីចន្លោះឆ្នាំ១៩៦៥ ដល់១៩៧៣ ជាច្រើនលានតោនទៀត៕
អត្ថបទ៖ សុខ លាភ